(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្ស ជាព្រះតំណាងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស, លោក សាយ ហាក់ អនុប្រធានគណបក្ស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត យ៉ាងច្រើន ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ចាប ញ៉ាលីវុធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រុមព្រះប្រធានគណបក្សជូនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន និងបានជំរុញដល់ថ្នាក់ ក្រុមការងារ មន្ត្រីគណបក្សគ្រប់រូប ត្រូវសហការសាមគ្គីគ្នាឱ្យបានសកម្ម ជួយគាំទ្រដល់គ្រប់ឃុំ-សង្កាត់ ដែលខ្លួនម្នាក់ៗទទួលបន្ទុកនោះ ដើម្បីរក្សា និងបង្កើនយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំ លោក ចាប ញ៉ាលីវុធ បានក្រើនរំលឹក និងដាស់តឿន ពាក់ព័ន្ធជុំវិញបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយពិភពលោក ក្នុងនោះមានកម្ពុជាយើងផងដែរ៕