(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៦៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ។
រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕