(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ កំពុងស៊ើបអង្កេតទៅលើករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា នៅទឹកដីថៃ។
ថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញព័ត៌មាន ក៏ដូចជានៅក្នុងបណ្តាញសង្គមថា ប្រាសាទមួយមានរូបរាងស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា កំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ជាប់ជាមួយខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការប្រតិកម្ម និងមិនពេញចិត្តនោះឡើយចំពោះការសាងសង់ប្រាសាទនោះ។ ពលរដ្ឋខ្មែរ បានស្នើថៃ បកស្រាយចំពោះរឿងនេះ ថាតើខ្លួនចង់លួចចម្លងរតនសម្បត្តិនេះ ឬយ៉ាងណា?
ករណីនេះអាជ្ញាធរកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ហើយកំពុងពិនិត្យ និងស៊ើបអង្កេតលើការសាងសង់ប្រាសាទនោះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងតែឲ្យកុងស៊ុលយើងនៅខេត្តស្រះកែវ គាត់ធ្វើការប្រមូលព័ត៌មានឲ្យយើង ព្រោះយើងមិនអាចទៅផ្ទាល់បានទេ ដោយសារកូវីដ។ អ៊ីចឹងកុងស៊ុលខ្មែរនៅស្រះកែវ ធ្វើការប្រមូលព័ត៌មាន ហើយទាល់តែបានព័ត៌មានគ្រប់គ្រាន់ ទើបយើងត្រូវសម្រេចដោះស្រាយបែបណាទៀតបាន»។
ពាក់ព័ន្ធបញ្ហានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងការបរទេស ដែលមានភារកិច្ចខាងទំនាក់ទំនងការទូត នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុត។
អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។ ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ»។
ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេ ខណៈរមណីយដ្ឋានអង្គរទាំងមូល ក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ។ ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ៕