(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រ ទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះ បានពិនិត្យ ពិភាក្សា និងការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសេចក្ដីព្រាងគោលនយោបាយ ស្ដីពីតេស្ដរហ័ស រកអង់ទីហ្សែន កូវីដ-១៩ រៀបចំដោយអនុគណៈកម្មការវាយតម្លៃ ផែនការយុទ្ធសាស្រ្ត, សេចក្ដីព្រាងគោលការណ៍ណែនាំ សម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រៀបចំដោយអនុគណៈកម្មការសេវា មន្ទីរពិសោធន៍។

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ដថា ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជាកិច្ចការងារមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តឲ្យទទួល បានជោគជ័យ។ ក្រោយកិច្ចប្រជុំពិភាក្សា និងអនុម័តហើយ នឹងធ្វើរបាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ក្នុងនោះដែរលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមានការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលមកពីខាងក្រៅប្រទេស ពោលគឺឲ្យពួកគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក និងបន្តឲ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីឲ្យគ្រប់ចំនួន២១ថ្ងៃ។

បន្ថែមពីលើនេះទៀត ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញពីទីតាំង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត។

សូមជម្រាបថា កិច្ចប្រជុំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ដ្រីជំនាញចូលរួមតាមរយៈប្រព័ន្ធវីដេអូ ពីសាលារាជធានីភ្នំពេញផងដែរ៕