(ព្រៃវែង)៖ សមទ្ធផលនានាដែលចំណាយទឹកប្រាក់ កសាងអស់ជាង១០ម៉ឺនដុល្លារ ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាង) ស្ថិតនៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក, ប្រធានក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក និងប្រជាពលរដ្ឋជាច្រើនផងដែរ។ លោក ឌុច គន្ធា អភិបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា វត្តពោធិដ្ឋាន ( ហៅវត្តថ្លាង) មានភូមិចំណុះចំនួន ២ភូមិ គឺភូមិថ្លាវ និងភូមិពោធិ៍ចិន្តា។ កានដើមឡើយប្រជាពលរដ្ឋ បានធ្វើបុណ្យសន្សំកុសល្យ នៅវត្តមេបុណ្យ ឃុំមេបុណ្យ ដែលមានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ។
ដោយពិបាកក្នុងការធ្វើដំណើរ និងឆ្ងាយផងនោះទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ ប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច័ន្ឆ ដើម្បីបង្កើតវត្តឡើង នៅក្នុងឆ្នាំ១៩៤៨ ដែមានឈ្មោះថាវត្តពោធិសត្ថារាម និងបានកសាងរោងឧបាសថ សង់ពីឈើប្រក់ក្បឿងផ្ទាល់ដី ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសន្សំកុសល្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ នៅឆ្នាំ១៩៦៣ ដោយមានភាពរកាំរកូស ច្រើននៅក្នុងវត្ត ទើបសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្តូរឈ្មោះពី វត្តពោធិ៍សត្ថារាម មកវត្តពោធិដ្ឋាន ហៅវត្តថ្លាវ រហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងកោតសរសើរចំពោះ ព្រះចៅអធិការ គណៈកម្មការអាចារ្យ ពុទ្ធបរិស័ទសប្បុរសជននានា ដែលមានទឹកចិត្តជ្រះថ្លាចំណាយធនធានថវិកាចូលរួម កសាងសមទ្ធផលទាំងអស់នេះឡើងទុកជាប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា។
លោកបានរំឮកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិប្រជាពលរដ្ឋត្រូវបានរស់រានមានជីវិតថ្មីឡើងវិញ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមលើគ្រប់វិស័យត្រូវបានកសាងជាបន្តបន្ទាប់ ពិសេសវិស័យព្រះពុទ្ធសាសនាត្រូវបានកើតឡើងវិញ។
លោកបន្តទៀតថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានប្រពៃណីទំនៀមទម្លាប់ល្អ មានការប្រៀនប្រដៅអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការបង្រួបបង្រួមជាតិ និងមានសេចក្ដីសុខសាន្ត ពិសេសរក្សាបាននូវស្ថិរភាពនយោបាយ បូរណភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។ ជាមួយ និងការរីកចម្រើននេះ រាជរដ្ឋាភិបាលក៏បានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ដោយបានបង្កលក្ខណៈសម្បត្តិដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដោយរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា។ ក្នុងនោះវត្តអារាមបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ដូចជាបានរួមចំណែកលើការងារអប់រំសីលធម៌សង្គម ការងារមនុស្សធម៌ សង្គមកិច្ច ការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្ស និងជាកន្លែងដែលព្រះសង្ឃគង់នៅសិក្សារៀនសូត្រធម៌វិន័យទៀតផង។
លោក នេត សាវឿន បានបញ្ជាក់ថា សមទ្ធផលដែលសម្ពោពដាក់ឲ្យប្រើប្រាស់នូវពេលនេះមាន៖ ស្រះមុជ្ជលឹន មានតម្កល់ព្រះពុទ្ធរូបប្រក់នាគ, ខឿន និងតំបូលព្រះវិហារ, របងវត្ត, ក្លោងទ្វារវត្ត, និងបានចាក់ដីបំពេញទីធ្លាវត្ត ជួសជុលផ្លូវលំប្រវែង ៥២០ម៉ែត្រ រួមនិងរៀបចំប្រព័ន្ធលូទឹក មានគម្របប្រវែង ១៣៧ម៉ែត្រ ដែលបានចំណាយ ថវិកាអស់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ បានប្រគេនបច្ច័យសម្រាប់សងថ្លៃជាង ចំនួន ៤០លានរៀល, បច័្ចយសម្រាប់កសាងវត្ត ចំនួន ៤លានរៀល, ប្រគេនបច្ច័យ ៥ម៉ឺនរៀល និងទេយ្យទានព្រះសង្ឃ ៧អង្គ, សាលាស្រុកស្វាយអន្ទរ ១លានរៀល, តាជី យាយជី ១០០នាក់ ម្នាក់១ម៉ឺនរៀល និងក្រណាតស ០១ដុំ, លោកគ្រូ អ្នកគ្រូ ៦៧នាក់ ម្នាក់២ម៉ឺនរៀល, យុវជនកាយរិទ្ធិ ១០០នាក់ ម្នាក់១ម៉ឺនរៀល, យុវជនកាកបាទក្រហម ១០០នាក់ ម្នាក់១ម៉ឺនរៀល,យុវជនសហភាពសហព័ន្ធកម្ពុជាស្រុក ១០០នាក់ ម្នាក់១ម៉ឺនរៀល, សិស្សានុសិស្ស ៨០០នាក់ ម្នាក់៥ពាន់រៀល សៀវភៅ ០២ក្បាល និងប៊ិច ០១ និងនារីកាន់ខ្សែបូ ៤នាក់ ម្នាក់៤ម៉ឺនរៀន ៕