(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយនៅតាមទីតាំងដែលត្រូវបានបិទខ្ទប់ដោយសារជំងឺកូវីដ១៩ នៅមូលដ្ឋានខេត្តស្ទឹងត្រែង ដែលកំពុងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានផ្ដាំផ្ញើសាកសួរទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកងកម្លាំងទាំងអស់ ដែលកំពុងប្រចាំការការពារនៅតាមតំបន់បិទខ្ទប់ក្នុងខេត្តស្ទឹងត្រែង ដោយត្រូវគិតគូរពីសុខសុវត្ថិភាព និងសុខភាពឲ្យបានល្អបំផុត។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពិសេសអនុវត្តតាមវិធាន «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នូវត្រីចំនួន៥០គីឡូក្រាម, មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ត្រីចំនួន៥០គីឡូក្រាម។ ដោយឡែក កន្លែងធ្វើចត្តាឡីស័ក៤កន្លែងធំៗ ក្នុងខេត្ដស្ទឹងត្រែង មួយកន្លែងទទួលម៉ាស់១០០ និងត្រី៥គីឡូក្រាម ក្នុងនោះមាន ភោជនីយដ្ឋានហ្គាឡាក់ស៉ី, សួនរីករាយ, វិមានមាស និងអាហារដ្ឋានបឹងមាស។
ព្រមពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាកងរាជអាវុធហត្ថខេត្ត ក៏បានចុះពិនិត្យមើលទីតាំងយកសំណាក ដែលកំពុងជំងឺកូវីដ១៩ខ្លាំង នៅចំការ ដាំ ញ៉ា ចំណុចអូរពងមាន់ និងបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ដល់ប្រជាការពារដែលប្រចាំការនៅទីនោះផងដែរ៕