(ភ្នំពេញ)៖ សិក្ខាសាលាលើដំបូង ដើម្បីពិភាក្សាអំពីក្រមសីលធម៌របស់ចៅក្រុម ព្រះរាជអាជ្ញា និងតុលាការ ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ សប្តាហ៍ក្រោយនេះ។ នេះបើតាម លោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យនេះ ។
លោកអគ្គលេខាធិការរូបនោះបានបញ្ជាក់ថា សិក្ខាសាលាជាលើកដំបូងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ សង្កេតឃើញថា ក្រមសីលធម៌របស់ ចៅក្រម ព្រះរាជអាជ្ញា ប៉ុន្មានឆ្នាំមកនេះមានការធ្លាក់ចុះ។ លោកថា សិក្ខាសាលានេះ នឹងផ្លាស់ប្តូរយោបល់ ពិភាក្សាលម្អិត ទៅលើក្រមសីលធម៌ ក្នុងនោះក៏មានចៅក្រម ប្រធានតុលាការ និងព្រះរាជអាជ្ញា ប្រមាណ១០០នាក់ចូលរួមដែរ។
លោក សំ ប្រជាមានិត បានបញ្ជាក់ថា សិក្ខាសាលាដែលធ្វើឡើងនៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ នឹងចូលរួមបើកដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយចូលរួមបិទដោយ លោក ឌិត មន្ទី ប្រធានតុលាការកំពូល៕