(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក យឹម លាង នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទការល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចុះជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីនគរបាលការពារចំនួនបីគោលដៅ ក្នុងរាជធានីភ្នំពេញ ហើយបានឧបត្ថម្ភអំណោយមួយចំនួនដល់ពួកគេ។
មន្រ្តីជំនួយការ លោក យឹម លាង បានថ្លែងឱ្យដឹងថា នគរបាល ៥៦០នាក់នោះ គឺក្នុងម្នាក់ៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម និងថវិកាចំនួន៤ម៉ឺនរៀល ពីឧត្តមសេនីយ៍ យឹម លាង ដែលជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក យឹម លាង បានផ្តាំផ្ញើឲ្យមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីការពារគោលដៅឱ្យអនុវត្តការងារការពារឱ្យបានល្អប្រសើរ និងឱ្យគោរពវិន័យខ្ជាប់ខ្ជួន ស័ក្តិសមជាមន្ត្រីនគរបាលដែលជាទីទុកចិត្តរបស់ប្រជាជន និងលើកកំពស់មុខមាត់របស់រាជរដ្ឋាភិបាល និងសូមជូនពរសុខភាពល្អ សំណាងល្អ សម្រាប់ឱកាសចូលឆ្នាំថ្មីខាងមុខនេះ។
នេះមិនមែនជាលើកទីមួយរបស់លោក យឹម លាង ទេ លោកជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់ជីវភាព កងកម្លាំងនគរបាលចរាចណ៍ និងកងកម្លាំងផ្សេងទៀត៕