(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រតិកម្មនឹង ការលើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលរិះគន់គណបក្សថ្មីៗថា បង្កើតឡើងដោយមនុស្ស២-៣នាក់ ហើយគ្មានគោលដៅប្រកួតជាមួយបក្សកាន់អំណាច។

លោក ពេជ្រ ស្រស់ បានចាត់ទុកថា ការលើកឡើងរបស់លោក កឹម សុខា បែបនេះជាការមើលងាយដល់គណបក្សថ្មីៗ ហើយភ្លេចកំណើតខ្លួនឯងដែលដំបូងឡើយបង្កើតគណបក្សសិទ្ធិមនុស្សនោះ ក៏ជាគណបក្សថ្មីដែរ។

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចុះសំណេះសំណាលជាមួយ សកម្មជនមូលដ្ឋាននៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ នៅក្នុងវេទិកានោះ លោក កឹម សុខា ដែលពើបប្រទះនឹងរឿងអាស្រូវស្នេហា បាននិយាយថា គណបក្សថ្មីៗដែលមានមនុស្ស២-៣នាក់នោះ មិនមានគោលដៅដណ្តើមអំណាច ឬដឹកនាំប្រទេសទេ។

លោក កឹម សុខា បានថ្លែងថា «២នាក់ក៏កើត មានម្នាក់ក៏កើតគណបក្សមួយដែរ កើតច្រើនមែនទែន ចេញមកពីគ្រប់ជ្រុងជ្រោយទាំងអស់ ប៉ុន្តែអ្វីដែលយើងមិនមានការព្រួយបារម្ភនោះ ដែលគណបក្សសង្គ្រោះជាតិនៅតែរឹងមាំដដែលនោះ ដោយយើងឃើញថា គណបក្សដែលកើតនោះ គឺមិនមានគោលនយោបាយដើម្បីទៅដណ្តើមយកអំណាច ឈ្នះគណបក្សកាន់អំណាច ដើម្បីទៅដឹកនាំប្រទេសនោះទេ»

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន ដែលទើបបង្កើតឡើងបានប៉ុន្មានខែមកនេះ បានលើកឡើងតាមបណ្តាញសង្គម Facebook របស់លោកថា «លោកនិយាយបែបនេះបញ្ជាក់ថា លោកគ្មានចេះច្បាប់អ្វីទេ ហេតុអ្វីលោកឆាប់ភ្លេចម្លេះ តើលោក កឹម សុខា ឯងបានជ្រកជាមួយគណបក្សណាខ្លះកាលពីអតីត ហើយលោកបានដឹកនាំអង្គការ សិទ្ធិមនុស្ស ប៉ុន្មានឆ្នាំដែរ ហើយលោកបានបង្កើតគណបក្សប៉ុន្មានមកហើយ ហេតុអ្វីលោកឆាប់បំភ្លេចច្បាប់ស្តីពី ការបង្កើតគណបក្សត្រង់ជំពួកទី៥ មាត្រា២០ នៃច្បាប់រដ្ឋធម្មនុញ»។

រហូតដល់ពេលនេះ មានគណបក្សថ្មីៗមួយចំនួនត្រូវបានបង្កើតឡើង ដើម្បីចូលរួមក្នុងការបោះឆ្នោត អាណត្តិក្រោយនេះ។ គណបក្សថ្មីៗទាំងនោះមានដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សអំណាចខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរសាមគ្គី, គណបក្សយុត្តិធម៌ជាតិខ្មែរ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាដើម។

ក្នុងនាមជាប្រធានគណបក្សថ្មីមួយ ក្នុងចំណោមគណបក្សថ្មីទាំងនោះ លោក ពេជ្រ ស្រស់ បានខឹងសម្បារយ៉ាងខ្លាំង នឹងលោក កឹម សុខា ។ លោក លើកឡើងថា «ខ្ញុំសូមផ្តាំទៅ លោកកឹម សុខា ថាខ្ញុំអាចអង្គុយមើលដំណើជីវិតរបស់លោក បានត្រឹមតែយ៉ាងយូ១០ឆ្នាំទៀតទេ ដោយសារអាយុ ខ្ញុំក្មេងជាងលោកប៉ុន្តែអាយុលោក១០ឆ្នាំទៀត ទៅមុខលែងរួចហើយប៉ុន្តែខ្ញុំស្តាយបំផុត ដែលលោកមិនអាចបន្តជីវិត មើលភាពជោគជ័យ របស់គណបក្សយុវជនកម្ពុជាយើង គឺជោគជ័យដឹកនាំប្រទេស មិនមែនជោគជ័យដូចក្រុម លោក កឹម សុខា ឯងដឹកនាំឲ្យយុវជនទៅស្លាប់ ហើយក្រោយមកមួយរត់ទៅក្រៅប្រទេស មួយទៀតទូងស្គរនៅក្នុងស្រុក»

អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានភ្លាមៗ នៅឡើយទេ នៅល្ងាចថ្ងៃអាទិត្យនេះ៕