Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា នឹងដាក់ពាក្យប្តឹង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅសាលាឧទ្ធរណ៍នៅព្រឹកស្អែក ជុំវិញបទបរិហារកេរ្តិ៍

20-03-2016 19:00

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីជំទាស់ទៅនឹងការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញបណ្តឹងរបស់លោកជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កាលពីថ្ងៃទី២៩ ខែខែមករា ឆ្នាំ២០១៦ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក មាជ ច័ន្ទពិសិដ្ឋ បានច្រានចោល ឥតចាត់ការលើបណ្តឹងរបស់លោក សួន សេរីរដ្ឋា ដែលបានប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពីបទបរិហារកេរ្តិ៍លើគណបក្សរបស់លោក។ លោក សួន សេរីរដ្ឋា បានចោទថា ក្រោយជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ លោក ហោ ណាំហុង បានរិះគន់ថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម ។ លោក សួន សេរីរដ្ឋា បានចាត់ទុកថា រឿងនេះប៉ះពាល់ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ។

តាមរយៈសារអេឡេចត្រូនិចមួយ ដែលបានផ្ញើមកកាន់ក្រុមអ្នកសារព័ត៌មាន លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃចន្ទ ទី២១ មីនា ២០១៦ (ស្អែកនេះ) វេលាម៉ោង ៩៖០០ នាទីព្រឹក ខ្ញុំនឹងទៅដល់តុលាការសាលាដំបូង ដើម្បីយកពាក្យបណ្តឹងឧទ្ធរណ៍ប្តឹង លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់»។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មេធាវីការពារក្តីឱ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងប្រាប់ Fresh News ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕