(ស្វាយរៀង)៖ លោក ឆែម សាវុធ ឧត្តមអគានុរក្សថ្នាក់លេខ១ អគ្គនាយក នាយកដ្ឋានពន្ធនាគារ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារ ខេត្តស្វាយរៀង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធាន អនុប្រធានពន្ធធនាគារខេត្ត និងមន្ត្រី អនុរក្សពន្ធធនាគារមួយចំនួនទៀត។

លោក ម៉ែន វិបុល បានបញ្ជាក់ថា បច្ចុប្បន្ន ជំងឺកូវីដ១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជា ក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០ កម្ភៈ ផងដែរ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងរីករាលដាលបន្តទៀត ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជា ដែលបានដាក់ចេញគឺវិធានការ «៣ការពារ និង៣កុំ» ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួម និងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ដេីម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានថ្លែងថា តាងនាមអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះពន្ធនាគារ ខេត្តស្វាយរៀងទាំងមូល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដោយក្តីសោមនស្សចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខរបស់មន្ត្រី និងជនជាប់ឃុំនៅពន្ធនាគារ ខេត្តស្វាយរៀង ក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេស កាយវិការ និងសណ្តានចិត្តប្រកបដោយមនុស្សធម៌ របស់លោកអភិបាលខេត្តស្វាយរៀង ចំពោះមន្ត្រីក្រោមឱវាទខេត្ត និងជនជាប់ឃុំគ្រប់រូប ស្របតាមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អំណោយដែលត្រូវផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ ២តោន, មី ម៉ាម៉ា ៥០កេស, ទឹកសុទ្ធ ៤០កេស, ត្រីខកំប៉ុង៥០យួរ, ម៉ាស ២០,០០០ម៉ាស, អាល់កុល ៣០០លីត្រ, ទឹកក្រូច ១០កេស, ធុងបាញ់សម្លាប់មេរោគ ២ធុង, ទឹកថ្នាំសម្លាប់មេរោគ១ធុង, ឱសថចិន ៥៤០ប្រអប់ និងថវិកាចំនួន ១០,០០០,០០០រៀល៕