(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រីនៅថ្ងៃទី៥ ខែកក្កដា នេះ បានប្រកាសបិទផ្សារព្រះដាក់ ជាបណ្ដោះអាសន្ន ក្រោយពាក់ព័ន្ធនឹងករណីអ្នកវិជ្ជមានជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុក ការសម្រេចបិទនេះ ដោយសារប្រជាពលរដ្ឋចំនួន២នាក់បន្ថែមទៀត បានវិជ្ជមានជំងឺកូវីដ១៩ និងមានអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារព្រះដាក់។

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី បានចុះបិទការលក់ដូរជាបណ្ដោះអាសន្ននៅផ្សារព្រះដាក់ ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ កងកំលាំងប្រដាប់អាវុធស្រុក និងប្រធានមណ្ឌលសុខភាព។ ការបិទនេះមានរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី៥ ខែកក្កដា នេះតទៅ។

ជាមួយគ្នានោះលោកអភិបាលស្រុក ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងនោះត្រូវបន្តតាមដានសុខភាពបន្ថែមទៀត ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់ ឬ ទាក់ទងតាមទូរស័ព្ទលេខ ០១៧ ៤១ ៩៩ ២២ ។ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ស្អែកនេះ ក្រុមគ្រូពេទ្យនឹងចុះទៅយកសំណាកក្រុមអាជីវករនៅផ្សារព្រះដាក់ សរុបប្រមាណជាង៩០នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ស្រុកបន្ទាយស្រីមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ២១នាក់ (ស្រី១០នាក់) ស្លាប់១នាក់ ជាសះស្បើយ៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៦នាក់៕