(ភ្នំពេញ)៖ រដ្ឋាភិបាលស៊ុយអែត បានស្នើសុំជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សំណើនេះបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អនុញ្ញាតឲ្យ លោក ប្យ៊ន់ ហេគម៉ាក (Björn Häggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះ៖ «លោកឯកអគ្គរាជទូត បានឯកភាពថា ប្រទេសកម្ពុជា និងស៊ុយអែត ពិតជាមានទំនាក់ទំនងពិសេសយូរអង្វែង ចាប់ពីស្ថានភាពលំបាករហូតដល់បច្ចុប្បន្ន។ ដោយឡែក ស៊ុយអែត បានស្នើសុំជាផ្លូវការបើកស្ថានកុងស៊ុលកិត្តិយសនៅភ្នំពេញ»។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ស្ថានទូតបានអះអាងថា ស៊ុយអែតមានទំនាក់ទំនងល្អជាមួយកម្ពុជារហូតមក ហើយខ្លួននឹងបន្តទំនាក់ទំនងនេះ តាមរយៈមធ្យោបាយផ្សេងទៀត បន្ទាប់ពីបិទស្ថានទូត។ ទោះជាយ៉ាងនេះក្តី កម្ពុជាក៏មិនមានស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែតនោះដែរ។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ស៊ុយអែត ក៏នឹងបន្តជួយសាលាក្តីខ្មែរក្រហមរហូតដល់សាលាក្តីនេះបានបញ្ចប់ភារកិច្ចសព្វគ្រប់។ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជាពិសេស ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី ដែលទទួលសវនាការជម្រាបលារបស់លោកនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួយគាំទ្រ និងរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។
បើតាមក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្រ្តី បានសាទរចំពោះ លោកឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជាបានល្អ និងបានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់លោកក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ប្រាក់ សុខុន ក៏បានរំលឹកពីប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលប្រទេសស៊ុយអែតបានផ្តល់មកកម្ពុជា ជាពិសេស គឺការអនុញ្ញាតិឲ្យកម្ពុជាបើកការិយាល័យតំណាងនៅស៊ុយអែត ក្រោយពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត ក្នុងវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈការងារ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិនៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ផងដែរ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើគ្រប់ វិស័យ ទោះបីជារដ្ឋាភិបាលស៊ុយអែត បានសម្រេចបិទស្ថានឯកអគ្គរាជទូតនៅទីក្រុងភ្នំពេញ ដែលបណ្តាលមកពីការធ្វើកំណែទម្រង់ និងសម្ពាធផ្នែកថវិការបស់ស៊ុយអែតយ៉ាងណាក៏ដោយ ក៏ស៊ុយអែតនៅតែបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតស៊ុយអែត ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក និងការិយាល័យតំណាងនៅភ្នំពេញ ដែលមានបុគ្គលិកមកពីទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (Swedish International Development Cooperation Agency -SIDA) នៅភ្នំពេញ និងតាមរយ:កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ចំពោះមុខ សម្រាប់ឆ្នាំ ២០២២-២០២៦ ដែលយកចិត្តទុកដាក់នឹងការលើកកម្ពស់សិទ្ធិមនុស្ស និង ស្ថាប័នប្រជាធិបតេយ្យអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាប្តូរយោបល់គ្នាផងដែរលើប្រធានបទផ្សេងៗដូចជាបញ្ហាតំបន់ រួមមានបញ្ហាអាស៊ាន ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើប្រធានអាស៊ាន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងឥណ្ឌូប៉ាស៉ីហ្វិក។ ដោយឡែកលើបញ្ហាសកល ភាគីទាំងពីរមានជំហរដូចគ្នាលើការពង្រឹងពហុនិយម និងការគោរពគោលការណ៌ និងច្បាប់អន្តរជាតិ៕