(បន្ទាយមានជ័យ)៖ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ បានចុះទៅផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សដែលរៀន នៅវិទ្យាល័យឈ្នួរមានជ័យ ជិត៥០០នាក់ ដើម្បីបង្កើនការយល់ដឹងរបស់ពួកគាត់ ក្នុងគោលបំណង ជួយកាត់ បន្ថយអាត្រាគ្រោះថ្នាក់ ចរាចរណ៍ដែលបាន និងកំពុងមានការកើនឡើង គួរឲ្យព្រួយបារម្ភ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានឲ្យដឹងថា ដោយមានការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លើការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់ប្រជាពលរដ្ឋនោះ លោកបានចាត់ឲ្យនាយការិយាល័យ និងនាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ទៅជួបជាមួយសិស្ស នៃវិទ្យាល័យខាងលើដើម្បីឲ្យពួកគេ បានយល់ដឹង កាន់តែខ្លាំងឡើងថែមទៀត។ នៅក្នុងពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ក៏មានការឲ្យឆ្លើយសំណួរ​របស់សិស្ស​ទាំងនោះដែរ ហើយបើនរណាឆ្លើយ​ត្រូវនឹងប្រគល់ជូនមួកសុវត្ថិភាព​មួយជូនពួកគេផងដែរ។

លោកឧត្តមសេនីយ៍ស្នង​ការសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយ​អាត្រាគ្រោះថ្នាក់ ដែលបាននិងកំពុងសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរ​យ៉ាងច្រើនក្នុងមួយថ្ងៃៗនេះ៕