(ភ្នំពេញ)៖ រថយន្ដសង្គ្រោះបន្ទាន់ ទី៤៥ និងសម្ភារបរិក្ខារពេទ្យមួយចំនួនសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់ មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងតាមរយៈ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ព្រមទាំងឧកញ៉ា ប៊ុន ណារី ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ។
ឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា «ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នភាពនៃការរាលត្បាតជំងឺកូវីដ១៩នេះ ពិសេសក្នុងព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានការឆ្លងរីករាលដាលស្ទើរទូទាំងប្រទេស។ ដូច្នេះក្រោមការដឹកនាំដ៏រឹងមាំ ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ និងស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែរហ័ស ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃការចម្លង អត្រាឈឺ ការសម្រាន្ដពេទ្យ និងអត្រាមរណភាពដោយជំងឺកូវីដ១៩»។
លើសពីនោះ ក្នុងបរិបទកូវីដនេះ មានទាំងអ្នកជំងឺទូទៅផង និងកូវីដ១៩ផង ដូចនេះរថយន្ដសង្គ្រោះបន្ទាន់នេះ នឹងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់ ដើម្បីសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ាបណ្ឌិត ជា រតនា។
ឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្ដថា ក្នុងកាលៈទេសៈនេះ ត្រូវតែរួមចំណែកគ្នាទាំងគ្នា ក្នុងការការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះប្រជាពលរដ្ឋយើង គឺអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈនេះ ដែលត្រូវការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩ កុំឱ្យចម្លងដល់អ្នកផ្ទះ និងសហគមន៍របស់យើង ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ។
ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត ជា រតនា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ រួមទាំងឧកញ៉ា ប៊ុន ណារី ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកជាថវិកា សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាក់ស្ដែងក្នុងថ្ងៃនេះបានចូលរួមជាថវិកាមួយចំនួន ដើម្បីទិញរថយន្ដសង្គ្រោះបន្ទាន់ទី៤៥នេះផងដែរ៕