(កោះកុង)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នា២០១៦នេះ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេស សាខាខេត្តកោះកុង មានពិធីចែកប័ណ្ណសសើរ និងអាហាររូបករណ៍ ថ្នាក់បញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់មធ្យមសិក្សាបច្ចេកទេសកម្រិត១.២.៣ ក្រោមការឧបត្ថម្ភ ទ្រទ្រង់ការសិក្សាអាហាររូបករណ៍១០០% ជូនដល់សិស្ស និសិ្សតក្រីក្រ និងរៀនពូកែចំនួន៤២២នាក់ ក្នុងនេះស្រីចំនួន២០០នាក់។
ពិធីចែកប័ណ្ណសសើរ និងអាហាររូបករណ៍ដល់សិស្សនិសិ្សតខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្តខេត្តកោះកុង និងមានការចូលរួមពីអភិបាលរង លោក ជឹម មុន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈ ខេត្តកោះកុង លោក ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស អនុប្រធានមជ្ឈមណ្ឌលវិជ្ជាជីវៈ ព្រមទាំង សមាជិក សមាជិកា ក្រោមឱវាទ និងប្រធានមន្ទីរគ្រប់បណ្តាអង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្ស និសិ្សត ចំនួន៤២២នាក់។ ក្នុងឱកាសចែកប័ណ្ណសសើរ និងអាហាររូបករណ៍នាពេលនេះ លោក ស៊ីសុវត្ថិ ឫទ្ធិរ៉ាវង្ស បានថ្លែងថា ការប្រគល់ប័ណ្ណសសើរ និងផ្តល់ជូនអាហាររូបករណ៍ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងថ្នាក់មធ្យមសិក្សាបច្ចេកទេសកម្រិតលេខ ១.២.៣ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពី ការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេស សាខាខេត្តកោះកុង មានទស្សនៈ ដឹកនាំ និងអភិវឌ្ឍ កម្មវិធីសិក្សាដើម្បីរួមចំណែក ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងពិធីចែកប័ណ្ណសសើរ និងផ្តល់អាហាររូបករណ៍ លោក ប៊ុន លើត បាន សម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរសាទរ ចំពោះការខិតខំប្រឹងប្រែង របស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងដើម្បីបង្កើនធនធាមនុស្ស ឲ្យកាន់តែរឹងមាំ ដោយផ្សព្វផ្សាយជ្រើសរើសសិស្ស និស្សិតចូលរួមគ្រប់ជំនាន់ ឯកទេសចំនួន៤២២នាក់ ក្នុងនោះ ក៏មានសិស្សស្រីចំនួន២០០នាក់ផងដែរ ។ ស្ថិតនៅក្នុងការសិក្សាឆ្នាំ ២០១៥- ២០១៦នេះ ដែលបានខិតខំព្យាយាមយកចិត្តទុកដាក់ ក្នុងការសិក្សាដោយឆ្លងកាត់ ឧបសគ្គគ្រប់បែបយ៉ាងរហូតក្លាយជានិសិ្សតឆ្នើម ប្រចាំឆ្នាំ និងទទួលបានអាហាររូបករណ៍ តាមកម្រិតលទ្ធផលការសិក្សារបស់ខ្លួន។ លោកបានបន្តថា បើយើងក្រឡេកមើលពីបច្ចុប្បន្នភាព ឃើញថា មានចំណុចប្រែប្រួលជាវិជ្ជមាន លេចធ្លោរគ្រប់ខេត្តក្រុងរាជធានី មានគ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ ទាំងឯកជន សឹងគ្រប់ទីកន្លែង។ លោកសូមផ្តាំផ្ញើទៅនិសិ្សត និងសិស្សទាំងអស់ដែលមកចូលរួម នាពេលឲ្យខិតខំយកចិត្តទុកដាក់ទៅលើការសិក្សាព្រោះប្អូនៗ ទាំងអស់គឺជាទំពាំងស្នងឫស្សី សម្រាប់ទ្រទ្រង់ប្រទេសទៅថ្ងៃអនាគត៕