(ភ្នំពេញ)៖ លោក Tom Mu ជាម្ចាស់តោ បានប្រាប់ Fresh News ថា លោកមិនបានបង់ប្រាក់ពិន័យ ៣ម៉ឺនដុល្លារទៅមន្ត្រីរដ្ឋបាលព្រៃឈើនៅឡើយនោះទេ។

ការចេញមកបញ្ជាក់របស់លោក Tom Mu ដើម្បីលាងជម្រះនូវមន្ទិលមួយចំនួនរបស់សាធារណជនលើការបង់ប្រាក់ពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ ព្រោះតែការចិញ្ចឹមតោ។

កាលពីថ្ងៃទី២៧ ខែមិថុនា រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន។ ជាមួយនឹងការដកហូតនេះ ក៏មានការបញ្ជាក់ពីកម្រិតផាកពិន័យជាប្រាក់ប្រមាណ ៣ម៉ឺនដុល្លារផងដែរ។

នៅយប់ថ្ងៃទី០៤ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏សម្រេចប្រគល់សត្វតោទៅឱ្យបុរសជនជាតិចិននេះវិញ ដោយតម្រូវឱ្យមានការរៀបចំទ្រុងដាក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព។ សម្តេចតេជោ បានចាត់ទុកការប្រគល់នេះជាករណីពិសេស ព្រោះបុរសជនជាតិចិននេះ បានចិញ្ចឹមតាំងពីតូច។

ជាមួយការប្រគល់តោឱ្យវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើមានការផាកពិន័យក៏ត្រូវប្រគល់ប្រាក់ឱ្យវិញផងដែរ។

តោមួយក្បាលនេះ ត្រូវបាននាំមកដល់ផ្ទះរបស់ជនជាតិចិននៅក្នុងខណ្ឌបឹងកេងកងវិញហើយ នៅម៉ោង២៖៥០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក Tom Mu បានបង្ហាញនូវក្តីរីករាយរហូតនិយាយអ្វីមិនចេញនោះឡើយ ក្រោយពេលបានទទួលសត្វជាទីស្រឡាញ់របស់គេត្រឡប់មកវិញ។ លោក Tom Mu បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវក្តីសណ្តោសប្រណីដល់រូបគេ ក៏ដូចជាសត្វតោរបស់គេផងដែរ៕