Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អាត់ ខែម ដឹកនាំក្រុមការងារ ចុះជួសជុល ផ្ទះ១០ខ្នង​បន្ថែមទៀត ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេក

20-03-2016 16:06

(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិក អចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធាន​ក្រុមការងារ ចុះស្រុកស្វាយចេកនៅថ្ងៃទី២០​ ខែមីនា ឆ្នាំ​២០១៦​នេះ បានដឹកនាំកងកម្លាំង និង ក្រុមការងាររបស់ខ្លួន ចុះទៅកាន់ឃុំស្លក្រាមស្រុកស្វាយចេក ដើម្បីបន្តជួសជុល និង សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន១០ខ្នងបន្ថែមទៀត ដោយប្រែក្លាយពីផ្ទះប្រកស្លឹក ប្រកស្បូវ ទៅជាផ្ទះមានដំបូលប្រកស័ង្កសី។

លោក អាត់ ខែម បានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ លោកបានដឹកនាំក្រុមការងារ បន្តចុះទៅធ្វើកិច្ចការងារនេះ ជូនប្រជាពលរដ្ឋ ដោយថ្ងៃនេះ បាននាំយកស័ង្កសី ចំនួន២៥៧សន្លឹក ដើម្បីធ្វើការជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ កែប្រែទៅពី ដំបូលដែលធ្លាប់តែប្រកស្លឹក។ លោក អាត់ ខែម បានលើកឡើងថា ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ពិតជាមានក្តីរំភើបយ៉ាងខ្លាំង ការដែលពួកគាត់បានទទួលបានផ្ទះថ្មី ប្រកស័ង្កសីយ៉ាងដូច្នេះ។

សម្រាប់បញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតំបន់នោះ ដែលកំពុងជួបប្រទះ លោក អាត់ ខែម បាននិងកំពុងត្រៀមជួយដោះស្រាយ តាមរយៈការបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកដឹកទឹកចែកជូនដល់ ពួកគាត់ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោកក៏បានជំរុញដល់កងកម្លាំងនគរបាលមូលដ្ឋានត្រូវបង្កើនការចុះល្បាត ដើម្បីការពារសន្តិសុខ ក៏ដូចជាការទប់ស្កាត់បទល្មើស ជូនពួកគាត់កាន់តែល្អប្រសើរឡើង៕