(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រឹងសមត្ថភាពការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ពិសេសជាងនេះទៅទៀត តាមរយៈគម្រោងនេះ គឺ (១)៖ ប្រព័ន្ធចែកចាយវ៉ាក់សាំង (២)៖ សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ នៅតាមបណ្តារមន្ទីរពិសោធន៍ថ្នាក់តំបន់ (៣)៖ សមត្ថភាពធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ និងជំងឺរលាកសួត និង (៤)៖ ការតាមដានថែទាំមន្ទីរពិសោធន៍រកជំងឺកូវីដ១៩ ក៏ដូចជាការវាយតម្លៃកម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈការណែនាំអំពីការធ្វើ Serological Test នឹងត្រូវបានពង្រឹង។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ការបង្កើតនូវប្រព័ន្ធសម្រាប់ថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំង ក៏ដូចជាឧបករណ៍ និងសម្ភារសម្រាប់ធ្វើតេស្ត (PCR) និងធ្វើវិភាគឈាម រួមទាំងម៉ាស៉ីន Computer-Aided Diagnosis (CAD) នឹងត្រូវបានផ្តល់ជូនទៅក្រសួងសុខាភិបាល រួមជាមួយការបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់ឧបករណ៍ទាំងនោះផងដែរ។

ខណៈពេលនៃការចាប់ផ្តើមគម្រោងនេះ ទីភ្នាក់ងារ JICA បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្រោមក្របខ័ណ្ឌ «JICA’s Initiative for Global Health and Medicine»៕