(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបន្តទប់ស្កាត់ការពារជំងឺឆ្លង កូវីដ១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាល នៅតាមសហគមន៍ ឃើញមានការកើនឡើងជារៀងរាល់ថ្ងៃ។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែមិថុនា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត លោក មេបញ្ជាការមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានា ជុំវិញខេត្តចូលរួមផងដែរ។

ក្នុងកម្មវិធីនៃកិច្ចប្រជុំនេះដែរ មន្ទីរជំនាញបាន ឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន ដូចខាងក្រោម:អំណានរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តស្តីពីលទ្ធផលនិងសកម្មភាពដែលបានកើតមានឡើងក្នុងខេត្តប្រចាំខែមិថុនាឆ្នាំ២០២១កន្លងមក។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញពាក់ព័ន្ធនៅតាមអង្គភាពនានានិងអាជ្ញាធរមូលដ្ឋានក្រុងស្រុកបានឡើងរាយការណ៍ពីសកម្មភាព ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីសុំយោបល់និងរកវិធានការទប់ស្កាត់បន្ត។

លោក ងួន រតន: បានឯកភាពលើរបាយការណ៍របស់មន្ទីរជំនាញមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនិងបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង.ស្រុកបន្តរិតបន្តឹងទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាល នៅតាមសហគមន៍ ពិសេសរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនថៃ ពាក់ព័ន្ធពលករខ្មែរយើងដែលសមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរ ឬ គាត់ចូលមកដោយខ្លួនឯងក្តីមកវិញចូលតាមច្រករបៀងនានា ឬ ច្រកអន្តរជាតិនានាក្តី ត្រូវត្រួតពិនិត្យមើលសុខភាពរបស់ពួកគាត់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពលករដែលត្រូវសមត្ថកិច្ចបានបញ្ជូនមកយើងត្រូវធ្វើចត្តាឡីស័កដែលមានស្រាប់នៅតាមមណ្ឌលរយ:១៤ថ្ងៃសិន ដោយមានមន្រ្តីជំនាញប្រចាំការចុះពិនិត្យសុខភាពជូនពលកររាល់ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនិងនាំចូលពីប្រទេសថៃ តាមច្រកផ្សេងៗតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃគ្រប់ពេលនិងបន្តធ្វើប្រចាំថ្ងៃដោយម៉ាស៊ីនតេស្តិ៍រហ័ស ឬ ពិនិត្យទៅតាមការជាក់ស្តែង។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញស៊ីវិលនានាយើងក៏ត្រូវសហការជាមួយកងកម្លាំងគ្រប់ប្រភេទ ពិសេសកងកម្លាំងការពារព្រំដែនគោកដើម្បីអនុវត្តការងារឲ្យបានល្អតាមការងារជំនាញរៀងៗខ្លួនបន្ថែមទៀត។ ក្នុងនោះ លោកអភិបាលខេត្តក៏បានធ្វើការដោះស្រាយបញ្ហាមួយចំនួនផងដែរ តាមការស្នើសុំរបស់មន្ទីជំនាញពាក់ព័ន្ធរៀងៗខ្លួននិងអាជ្ញាធរមូលដ្ឋានក្រុង.ស្រុក ក្រៅពីការងារកូវីដ-១៩នេះដោយអនុវត្តតាម ៣កុំ និង៣ការពារផងដែរ៕