(ព្រៃវែង)៖ លោក ឯម សំណាង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានព្រមានដល់អាជ្ញាធរ និងសមត្ថកិច្ចទំាំងឡាយណា ដែលយក លុយខុសច្បាប់ និងលើសពីចំនួនដែលរដ្ឋបានកំណត់ពីប្រជាពលរដ្ឋនោះ ក្រសួងមហាផ្ទៃមហា នឹងដកបញ្ឈរជើងភ្លាមៗ។

ការថ្លែងព្រមានដល់អាជ្ញាធរ និង សមត្ថកិច្ចមូល ដ្ឋានខាងលើនេះ ខណៈដែលលោក បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ឫស្សីជាង៥០០នាក់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ។

លោក ឯម សំណាង ដែលមានតួនាទី ជាអគ្គនាយករងភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃផងនោះ បានផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានណែនាំ ដល់ក្រុមការងារទាំងអស់ត្រូវបង្កើនសកម្មភាព ចុះជួយដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ នៅតាមភូមិឃុំ ព្រមទាំងការផ្តល់ សេវាសាធារណៈ ជូនពួកគាត់ឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ឯម សំណាង បានលើកឡើងនូវ ការរីកចំរើនលើ គ្រប់វិស័យទាំងផ្លូវអាណាចក្រ និងពុទ្ធចក្ររបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅចំពោះមុខ សមាជិក សមាជិករបស់ខ្លួន ចំនួន៥០២នាក់ ប្រធានក្រុមការងារចុះជួយឃុំកំពង់ឫស្សីរូបនេះ បានថ្លែងអំពាវនាវ ឲ្យអ្នកដែលគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណបណ្ណបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលបោះឆ្នោត នាពេលខាងមុខ និងដើម្បីប្រើប្រាស់ តាមតម្រូវការជាក់ស្តែង។

លោក ឯម សំណាង ក៏បានជំរុញទៅសមត្ថកិច្ច ត្រូវបង្កើនសកម្មភាព ចុះការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ឲ្យបានខ្លាំងដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានជាពិសេស ត្រូវធ្វើការទប់ស្កាត់ ចំពោះបទល្មើសមួយចំនួនដូចជា ប្លន់ លួច និងគ្រឿងញៀនជាដើម ដើម្បីចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព៕