(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានកោតសរសើរដល់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេមួយនៅលើពិភពលោក នៅពេលដែលនិយាយអំពីការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោក Nick Beresford តំណាងប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានមានប្រសាសន៍ថា លោកមានការរីករាយដោយបានមើលឃើញអំពីការអភិវឌ្ឍនិងសមិទ្ធផលនៃកម្មវិធីពិការភាពរបស់ប្រទេសកម្ពុជា ហើយតែមានភាពប្រសើរឡើងគ្រប់ពេលវេលា។ លោក Nick បានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃច័ន្ទ ទី៥ ខែកក្កដា ជាមួយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។
កិច្ចជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការកែលម្អកម្មវិធីពិការភាពឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនៅកម្ពុជា។ លោក Nick Beresford បានកោតសរសើរប្រទេសកម្ពុជាថាជា «ប្រទេសឈានមុខគេមួយ» លើការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោកថា នេះគឺជាការឆ្លុះបញ្ចាំងនិងធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ។ លោក Nick Beresford បានបន្ថែមទៀតថា បើទោះបីជាមានការរឹតបន្តឹងពាក់ព័ន្ធវិធានសុវត្ថិភាពសុខាភិបាលដើម្បីពង្រឹងស្ថានភាព Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនមានន័យថាកិច្ចសហការអន្តរជាតិរវាង UNDP និងអគ្គលេខាធិការដ្ឋាក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបញ្ឈប់នោះទេ ហើយថា UNDP នឹងបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាពនាពេលខាងមុខតទៅទៀត។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងធ្វើការរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ជនមានពិការភាពកម្ពុជា។ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍អរគុណចំពោះការគាំទ្ររបស់ UNDP ហើយលោករដ្ឋលេខាធិការក៏កំពុងទន្ទឹងរងចាំគម្រោងថ្មីជាច្រើនទៀតដើម្បីជួយដល់តម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា។
លោក ឯម ច័ន្ទមករា បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើការភាពជាដៃគូរជាមួយ UNDP គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលជនមានពិការភាពមានតម្រូវការ និងការយល់ដឹងឱ្យបានច្រើនអំពីវិធីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នាពេលបច្ចុប្បន្ន៕