(ភ្នំពេញ)៖ ប្រជាពលរដ្ឋ២គ្រួសារ ដែលមានរឿងទំនាស់ដីឡូត៍ ដ៏រ៉ាំរ៉ៃមួយកន្លែង ជាមួយក្រុមហ៊ុនសុខាអូតែលស្ថិតត្រង់ចំណុចខាងជើង ជាប់អូតែលសុខា ក្នុង សួនជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបញ្ចេញប្រតិកម្មយ៉ាង និងសុំអង្វរយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយអន្តរាគមន៍ ផ្ដល់ភាពយុត្តិធម៌ដល់ ពួកគាត់ផង ខណៈដែលជម្លោះដីនេះ បានបន្តអូសបន្លាយមិនទាន់ចប់នៅឡើយ។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការក្សាការពារលើដី របស់ពួកគាត់ ដែលកាន់កាប់ជាយូរមកហើយនោះ ដោយតម្រូវឲ្យភាគី ក្រុមហ៊ុន សុខាអូតែល ធ្វើរបងព័ទ្ធជុំវិញដីធ្លីរបស់ពួកគាត់ទៅវិញ។

ការចេញដីកាសម្រេចរក្សា ការពាររបស់តុលាការនេះ បានធ្វើឡើងខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសុខាអូតែល កំពុងប្រឈមបន្តដោះស្រាយបញ្ហាដីធ្លីជាមួយពួកគាត់ នៅស្ថាប័នតុលាការ ពុំទាន់មាន​ដំណោះស្រាយនៅឡើយ សម្រាប់ពួកគាត់ ដែលបានកាន់កាប់ រក្សាដីមួយកន្លែងនេះ ជាយូរឆ្នាំណាស់មកហើយនោះ។ អ៊ុស្រី នាង សាឡី មានវ័យ៦៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ រស់នៅមូលដ្ឋានភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជាម្ចាស់ដីទំនាស់ខាងលើ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh  News ទាំងទឹកភ្នែករលីងរលោងថា ដីរបស់គាត់មាន ទំហំ១៦៤០ម៉ែត្រការ៉េ និងមានព្រំប្រទល់ខាងជើងទល់ និងដីរបស់ឈ្មោះ ជុង ចែប៊ួយ ខាងត្បូងទល់ និងដីរបស់ឈ្មោះ ម៉ែ អាវីន ខាងកើតទល់ និងចំណីផ្លូវលំ ខាងលិចទល់ និងដីរបស់ឈ្មោះ ជុង ចែប៊ួយ និងត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ដោយមានលិខិតបញ្ជាក់ពី ប្រវត្តិដីត្រឹមត្រូវច្បាស់លាស់ ហើយបានកាន់កាប់ប្រើប្រាស់ ដីធ្លីមួយកន្លែងនេះ តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។

អ៊ុំស្រីបានឲ្យដឹងថា ដីរបស់គាត់ក៏មានហាងឆេងក្នុងមួយម៉ែត្រការ៉េតម្លៃ២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ឯណោះ ស្រាប់តែក្រុមហ៊ុនសុខាអូតែល បានធ្វើរបងព័ទ្ធជុំវិញដីរបស់ពួកគាត់ រួចឲ្យតម្លៃ ត្រឹមតែ១០០ដុល្លារ ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ទើបធ្វើឲ្យពួកគាត់មិនអាចទទួល យកបានព្រមទាំងសម្រេចចិត្ត ដាក់ពាក្យបណ្ដឹងទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំផ្ដល់ភាពយុត្តិធម៌។ អ៊ុស្រី នាង សាឡី បានប្រាប់ទៀតថា «ខណៈដែលកំពុងដោះស្រាយគ្នា នៅស្ថាប័នតុលាការ ពុំទាន់មានដំណោះស្រាយ ណាមួយសមស្របផង ស្រាប់តែសាលាដំបូងរាជធានីភ្នំពេញ បានចេញដី​ការក្សាការពារមួយច្បាប់ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦  ដោយតម្រូវឲ្យក្រុមហ៊ុនអូតែលសុខា ធ្វើរបងបង្ហើយប្រវែង៣០ម៉ែត្រ ទៅលើដីដែលកំពុង ទំនាស់ទៅវិញ វាអយុត្តិធម៌ចំពោះពួកគាត់ខ្លាំងណាស់»

ចំណែក អ៊ុំស្រីម្នាក់ទៀតឈ្មោះ នាង លន មានវ័យ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជាម្ចាស់ដីទំនាស់ម្នាក់ ក៏បានលើកឡើង ស្រដៀងគ្នាដែរថា ដីរបស់គាត់មានទំហំ១៩០០ម៉ែត្រការ៉េ ដោយខាងជើងទល់ និងដីរបស់ឈ្មោះតា ឈុំ ខាងត្បូងទល់ និងដីរបស់ឈ្មោះមីលុច ខាងកើតទល់ និងដីរបស់ឈ្មោះ ខៀវ សំម៉ាណា ខាងលិចទល់ និងច្រាំងទន្លេ ដែលត្រូវបាន អាជ្ញាធរថ្នាក់មូលដ្ឋានទទួលស្គាល់ថា បានកាន់កាប់ប្រើប្រាស់ដីធ្លីមួយកន្លែងនេះ តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន នៅមានទំនាស់ដ៏រ៉ាំរ៉ៃ នៅតុលាការដែល មិនអាចមានដំណោះស្រាយណាមួយ សមស្របសម្រាប់ពួកគាត់ឡើយ។ ដោយឡែក ក្នុងនាមពួកគាត់ជាម្ចាស់ដី ដែលបានកាន់កាប់ប្រើប្រាស់ដីធ្លី មួយកន្លែងនេះ ជាយូរលង់ណាស់មកហើយនោះ បានស្នើសុំឲ្យមានដំណោះស្រាយសមស្រប ដោយក្នុងមួយម៉ែត្រការ៉េត្រឹម៥០០ដុល្លារ​ ប៉ុណ្ណោះដោយស្ថិតស្តង់ដាត្រូវបង់ពន្ធអាករ ចូលរដ្ឋខណៈបច្ចុប្បន្ន ហាងឆេងដីនេះមានតម្លៃចាប់ពី ២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឯណោះ ។ ផ្ទុយទៅវិញក្រុមហ៊ុនអូតែលសុខា ក្រោយពីធ្វើរបងព័ទ្ធជុំវិញដី របស់ពួកគាត់ហើយនោះបែរ ជាឲ្យតម្លៃដីរបស់ពួកគាត់ត្រឹមតែ១០០ដុល្លារ​ទៅវិញ វាអយុត្តិធម៌​ណាស់សម្រាប់ពួកគាត់។ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋទាំង២នាក់ ដែលអះអាងថា ជាម្ចាស់ដីនោះ ខាងអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពី ខាងក្រុមហ៊ុនសុខាអូតែល នៅឡើយទេ៕

 

Posted by Fresh News Photo on Sunday, March 20, 2016