(ភ្នំពេញ)៖ មន្រ្តីសមត្ថកិច្ចជាន់ខ្ពស់របស់កម្ពុជា សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះថា សុវត្ថិភាពផ្ទាល់ខ្លួនរបស់កញ្ញា ស្រីមុំ ជាស្រីស្នេហ៍របស់់ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំងជាក់ជាមិនខានឡើយ បើសិន ស្រីមុំ ទៅជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលចង់ជម្លៀសនាងទៅក្រៅប្រទេស គោលបំណងចង់បំផ្លាញភស្តុតាង និងបំបិទមាត់សាក្សីដ៏សំខាន់ នៅក្នុងរឿងអាស្រូវផ្លូវភេទរបស់មេដឹកនាំ គណបក្សប្រឆាំងនៅកម្ពុជា។
មន្រ្តីសមត្ថកិច្ចជាន់ខ្ពស់រូបនោះបានបន្តអះអាងថា យ៉ាងណាក៏ដោយ បើទោះបីជា ស្រីមុំ មានបំណងចង់ទៅជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រគណបក្សប្រឆាំងក៏ដោយនោះ ប៉ុន្តែវាមិនអាចទៅរួចឡើយ ពីព្រោះសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងស៊ើបអង្កេត រឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា បានធ្វើការទប់ស្កាត់គ្រប់ច្រកល្ហកអស់ហើយ។
ជាមួយគ្នានេះសមត្ថកិច្ចរបស់កម្ពុជា ក៏នៅតែអំពាវនាវដល់ស្រីមុំ ងាកមកចូលរួមសហការធ្វើការជាមួយសមត្ថកិច្ច ពីព្រោះការយល់ព្រមទៅជាមួយ អង្គការ ក្រៅរដ្ឋាភិបាលទាំងនោះ មិនដឹងថា តើរូបនាង នឹងត្រូវគេយកទៅទីណាឡើយ ដែលទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព របស់នាងយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្រោយពីដឹងថា ស្រីមុំ គឺជាសាក្សីដ៏សំខាន់ម្នាក់នៅក្នុងរឿងអាស្រូវផ្លូវភេទ របស់ប្រធានស្តីទី គណបក្សសង្គ្រោះជាតិលោក កឹម សុខា ដើម្បីបើកផ្លូវឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតតាមពាក្យបណ្តឹងមួយចំនួននោះ ស្រាប់តែមានអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្របក្សប្រឆាំង បានរៀបចំផែន ការចង់ជម្លៀសនាងទៅក្រៅប្រទេស ប៉ុន្តែផែនការមួយនេះត្រូវបានសមត្ថកិច្ចរបស់កម្ពុជាដឹងអស់ហើយ និងធ្វើការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕