(ពោធិ៍សាត់)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តមិនបកស្រាយអ្វីសោះ ជុំវិញរឿងអាស្រូវស្នេហារបស់លោក ជាមួយ «ស្រីមុំ» ដែលបែកធ្លាយតាមខ្សែអាត់សំឡេង ខណៈដែលយុវជន និងអ្នកសារព័ត៌មានមួយចំនួន បានស្នើឱ្យមានការពន្យល់ឱ្យបានច្បាស់លាស់ នៅក្នុងវេទិកាសាធារណៈមួយ នៅខេត្តពោធិ៍សាត់។

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចុះជួបសំណេះសំណាលជាមួយ សកម្មជនមូលដ្ឋាននៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយក្រុមអ្នកសារព័ត៌មាន និងនិស្សិតមួយចំនួន ក៏បានទៅស្វែងរកការបកស្រាយនៅទីនោះដែរ។

សេចក្តីរាយការណ៍អ្នកចូលរួមនៅក្នុងវេទិកានេះ បានឱ្យដឹងថា បន្ទាប់ពីថ្លែងសុន្ទរកថា នៅក្នុងវេទិកានេះរួច លោក កឹម សុខា បានចាកចេញទៅបាត់ ដោយមិនផ្តល់ព័ត៌មានអ្វីនោះទេ ដល់យុវជន និងអ្នកសារព័ត៌មាន ហើយថា នៅអំឡុងពេលរៀបចំវេទិកានោះ ក្រុមយុវជនរបស់គណបក្សសង្រ្គោះជាតិ និងយុវជនដែលទាមទារឱ្យលោក កឹម សុខា បកស្រាយ ក៏បានប៉ះសម្តីគ្នាធ្ងន់ៗផងដែរ ប៉ុន្តែមិនបានឈានដល់ការប្រើអំពើហិង្សានោះទេ។

គិតរហូតមកដល់ពេលនេះ ខ្សែអាត់សំឡេងសាសងស្នេហាដែលជាជឿថា របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាមួយនារីទំនងជាស្រីកំណាន់ នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ជាពិសេស Facebook ដែលមានឈ្មោះថា «រឿងពិត CNRP»។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយថា រូបភាពរបស់តួឯកប្រុសស្រីក្នុងសំឡេងខ្សែអាត់ ដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និង Facebook កន្លងទៅ ត្រូវបានព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ ថតទុករួចស្រេចហើយ បើទោះបីជាសាមីខ្លួនមានម្នាក់ «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ» និងម្នាក់ទៀតចេញមុខប្រកែកក៏ដោយ៕