(ភ្នំពេញ)៖ អង្គការផ្ទះបាយកុមារ នៅថ្ងៃទី៤ ខែកក្កដានេះបានបន្តចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ជាង ១០០នាក់។ ការចែកគ្រឿងឧបភោគបរិភោគនៅថ្ងៃនេះ បានធ្វើឡើងនៅទីតាំងអង្គការផ្ទះបាយកុមារ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ។
អង្គការផ្ទះបាយកុមារ គឺជាឃ្លាំងស្បៀងអាហារ ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ គឺការចែករំលែកគ្រឿងបរិភោគដល់អ្នកខ្សត់ខ្សោយទូទៅ។ អង្គការនេះទទួលបានជំនួយពីសប្បុរសជននានា ហើយគោលដៅសំខាន់ គឺចែករំលែកស្បៀងអាហារដល់អ្នកខ្វះខាត និងផ្ដល់អាហារប្រចាំថ្ងៃដល់កុមារ ដែលជាក្មេងកំព្រា និងអ្នករើសអេតចាយជាដើម ក៏ដូចជាបង្ហាត់បង្រៀនពួកគេឲ្យក្លាយជាមនុស្សល្អក្នុងសង្គមផងដែរ។
ប្រធានអង្គការផ្ទះបាយកុមារ បានឲ្យដឹងថា នៅក្នុងអង្គការនេះ អ្នកស្ម័គ្រចិត្តសុទ្ធសឹងតែជាកុមារ និងយុវជន ដែលធ្លាប់ជាអ្នករើសអេតចាយ និងអ្នកខ្វះខាត។ ឥឡូវនេះ ក្នុងចំណោមអ្នកស្ម័គ្រចិត្តក្នុងអង្គការនេះបានចូលរៀនក្នុងសាលាទូទៅ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ធ្វើការងារសប្បុរសធម៌ ហើយខ្លះទៀតទោះបីជានៅក្មេងក៏ដោយ ក៏អាចនិយាយភាសាបរទេសនិងស្វែងរកជំនួយទៀតផង។
ប្រធានអង្គការផ្ទះបាយកុមារ បានឲ្យដឹងទៀតថា មុនពេលផ្ទុះកូវីដ១៩ គឺអង្គការនេះតែងតែផ្តល់អាហារជារៀងរាល់ថ្ងៃដល់កុមារប្រមាណ ២០០ ទៅ ៣០០នាក់ក្នុងមួយថ្ងៃៗ ប៉ុន្តែអង្គការនេះគ្មានទីលំនៅដើម្បីផ្ដល់ឲ្យពួកគេទេ។ លើសពីនេះទៅទៀត អង្គការតែងតែមានគម្រោងចុះចែកស្បៀងអាហារដល់មូលដ្ឋានក្រីក្រ នៅទីតាំងនានាទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនផងដែរ។
តាំងពីបង្កើតមកនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អង្គការផ្ទះបាយកុមារបានផ្ដល់អាហារដល់កុមារកំព្រា និងខ្វះស្បៀងអាហារ ជាច្រើននាក់ដែលនេះជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕