ចោរប្រដាប់អាវុធ ស្ទាក់ប្លន់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ យកម៉ូតូ មួយគ្រឿង និងគ្រឿងអលង្កាមួយចំនួន នៅស្រុកដងទង់
20-03-2016 12:10
(កំពត)៖ ជនសង្ស័យមានគ្នានាក់ ប្រដាប់ដោយកាំភ្លើងAKស្វាយបត់ ១ដើម បានស្ទាក់ប្លន់ប្រជាពលរដ្ឋ យកបានសម្រេចម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ១គ្រឿង និងគ្រឿងអលង្ការមួយចំនួន នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិបរ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
មន្រ្តីនគរបាលស្រុកដងទង់ បានប្រាប់អង្គភាព fresh news នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះថា ក្រុមចោរបានធ្វើសកម្មភាពស្ទាក់ផ្លូវ ភ្ជង់ប្លន់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ និងកូនតូចម្នាក់ ខណៈជិះម៉ូតូឌុបគ្នាវិលត្រឡប់មកពីស៊ីការគេ។
ពួកវាប្លន់យកបានសម្រេច ពីជនរងគ្រោះ យកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ មិនទាន់ធ្វើស្លាកលេខ១គ្រឿង,ខ្សែកមាស ៥ជី និងក្រវិលមាស ៧ហ៊ុន។
ភិនភាគក្រុមចោរប្លន់ ត្រូវបានជនរងគ្រោះបានប្រាប់ថា ម្នាក់ពាក់អាវធំពណ៌ខ្មៅ មានមាឌធំ និងម្នាក់ទៀត ពាក់អាវស៊ីវិលធម្មតា ពណ៌ស។
ក្រោយប្លន់រួច ពួកវាបានជិះម៉ូតូទៅទិសខាងកើតបាត់ទៅ ទន្ទឹមនឹងនេះកម្លាំងសមត្ថកិច្ចបាន ពង្រាយស្ទាក់តាមផ្លូវនានាដែរ ប៉ុន្តែមិនបានជួបប្រទះមុខសញ្ញានោះទេ។
ជនរងគ្រោះជាប្តី ឈ្មោះទុយ ភាស់ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ាន់ ធឿន អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ៕