(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខ្មែរឥស្លាម ខេត្តសៀមរាប បានចុះពិនិត្យ និងរៀបចំជីករណ្ដៅដី ត្រៀមសម្រាប់កប់សពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ១៩។
លោក អែល ណាសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ចុះទៅកាន់ទីតាំងដីនេះ ហើយសហការជាមួយអាជ្ញាធររៀបចំត្រួតពិនិត្យផ្លូវចេញចូល ដែលត្រូវបានឈូសឆាយជួសជុល និងពង្រីកទំហំ។
ក្រុមការងារបានសហការគ្នាជួលគ្រឿងចក្រ ជីករណ្តៅមួយចំនួនរួចរាល់ហើយផងដែរ។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក សុខ ឥសាន្ត តំណាងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប, លោក ឡុង រដ្ធារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ លោក ឆាយ ហាក់ អធិការស្រុក អង្គរធំ និងមន្ត្រីរាជការជាច្រេីន រូបទៀត ។
លោកប្រធានក្រុមការងារ ក៏បញ្ជាក់ជូនសាធារណជនផងដែរថា ការជីករណ្តៅត្រៀមទុកនេះ មិនមែនជាការប្រមាថដល់អាយុជីវិតសាសនិកខ្មែរឥស្លាមដែលបានឆ្លងជំងឺកូវីដ១៩នោះទេ តែជាការរៀបចំត្រៀមការពារទុកជាមុន ដេីម្បីគាំទ្រការងាររៀបចំបញ្ចុះសព ឱ្យប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលាក្នុងករណីមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ទីតាំងដែលរៀបចំខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕