(កណ្ដាល)៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងសាំងរបស់ឈ្មួញឈ្មោះ ហ៊ ឡៃផេង និងប្ដីឈ្មោះ ងី មានផល ស្ថិតនៅភូមិព្រែកតុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
ប្រតិបត្តិការសង្គ្រោះគ្រោះថ្នាក់សង្គម ដែលដឹកនាំដោយស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រើប្រាស់ទឹកអស់ចំនួន៣៩ឡាន ទើបអាចគ្រប់គ្រងបាន និងរលត់ទាំងស្រុង។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆាបឆេះរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈ ចំនួន០២គ្រឿង និងឆេះស៊ីទែនប្រេងឥន្ធនៈចំនួន៣ស៊ីទែន ប៉ុន្ដែគ្មានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។
ប្រភពរៀបរាប់បន្តថា ក្រោយទទួលព័ត៌មានភ្លាម កម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យការិយាល័យខេត្ត, រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្ស, រថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលព្រែកគយ, កម្លាំងស្រុកស្អាង អាជ្ញាធរប្រជាការពារ ប្រើប្រាស់ទឹក២២ទើបរលត់ជាស្ថាពរ។
គួរជម្រាបថា បើតាមពលរដ្ឋរស់នៅស្រុកស្អាង បានបញ្ជាក់ថា ទីតាំងលក់សាំងរបស់ថៅកែ២នាក់ប្ដីប្រពន្ធនេះ មានទីតាំងស្ថិតផ្លូវកែងជាប់នឹងផ្ទះប្រជាពលរដ្ឋ ហើយបង្កប់ស៊ីទែនសាំងធំៗ នៅគៀកនឹងជញ្ជាំងផ្ទះពលរដ្ឋតែម្ដង ដែលបង្កឲ្យមានការភ័យខ្លាច និងពលរដ្ឋប្ដឹងជាយូរមកហើយ តែគ្មានដំណោះស្រាយឡើយ៕