(ស្ទឹងត្រែង)៖ គ្រាដែលខេត្តស្ទឹងត្រែង កំពុងតែប្រឈមជាមួយការរីករាលដាលជំងឺកូវីដ១៩នោះ លោក ទឹម ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកអាល់កុលចំនួន១០កាន ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ជាមេបញ្ជាការ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ជំនួសមុខឲ្យមន្ដ្រីអាវុធហត្ថទូទាំងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ទឹម ប៊ុនលីន ដែលបានចូលរួមចំណែកក្នុងការផ្ដល់ទឹកអាល់កុល ជូនកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចូលរួមការពារ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការងារទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អះអាងថា នឹងចែកចាយបន្ដនូវទឹកអាល់កុលនេះ ជូនដល់មន្ដ្រីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បច្ចុប្បន្នមន្ដ្រីអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩៕