(កំពត)៖ រោងចក្រស៊ីម៉ងត៍ធំជាងគេ និងទំនើបជាងគេនៅកម្ពុជា ដែលមានទីតាំង ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នឹងត្រូវបានបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់ នៅព្រឹកថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។
រោងចក្រស៊ីម៉ងត៍នេះ គឺជាសមិទ្ធិផល នៃក្រុមហ៊ុនជីបម៉ុងអ៉ិនស៊ី ស៊ីមេន ខបភើរេសិន ដែលកើតចេញ ពីការវិនិយោគរួមគ្នាគិតជាទឹកប្រាក់ ២៦២លានដុល្លារ សហរដ្ឋអាមេរិក រវាងក្រុមហ៊ុន ជីបម៉ុងស៊ីមេនគ្រុប និងក្រុមហ៊ុនស៊ីយ៉ាមស៊ីធីស៊ីមេន ផាប់ប្ល៊ិកខមភែនី លីមីតធីត ដែលជាក្រុមហ៊ុន មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍ដ៏ធំជាងគេមួយ នៅក្នុងតំបន់អាស៊ាន។
រោងចក្រថ្មីនេះនឹងត្រូវបានបំពាក់ ដោយសម្ភារៈ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីប្រទេសចិន និងអាល្លឺម៉ង់ ហើយនឹងមានសមត្ថភាពផលិត ស៊ីម៉ងត៍បាន៥ពាន់តោនក្នុងមួយថ្ងៃ។
លើសពីនេះ រោងចក្រស៊ីម៉ងត៍ដ៏ធំនេះ នឹងផ្តល់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋកម្ពុជា។ ពេលកំពុងសាងសង់រោងចក្រ ត្រូវការកម្លាំងពលកម្មពី៦០០ទៅ ១៨០០នាក់ ហើយពេលសាងសង់រួច រោងចក្រនឹងផ្តល់ការងារ ដោយផ្ទាល់ចំនួន៥០០នាក់ និងដោយប្រយោលចំនួន៥ពាន់នាក់ទៀត។
បើតាមការអះអាង របស់ម្ចាស់ភាគហ៊ុនធំ នៃក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន ខបភើរេសិន រោងចក្រស៊ីម៉ងត៍នេះ នឹងក្លាយជារោងចក្រ ស៊ីម៉ងត៍ដ៏ធំបំផុត ទំនើបបំផុត សន្សំសំចៃថាមពលបំផុត និងបញ្ចេញកាកសំណល់ សារធាតុកាបូនទាបបំផុត នៅក្នុងប្រទេសកម្ពុជា៕