(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោកស្រី គង់ សំអាត អនុប្រធានគណៈកម្មាធិការសាខា បានឧបត្ថម និងប្រគល់នូវប៉ៅអ៉ីចំនួន១០០ ជូនដល់មន្ទីរសុខាភិបាលខេត្ត យកទៅប្រើប្រាស់នៅតាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ដែលជាផ្នែកមួយក្នុងការជួយសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ តាមមណ្ឌលចត្តាឡីស័កនីមួយៗ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ការប្រគល់បានធ្វើឡើង នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត នាល្ងាចថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២១។
លោក ម៉ុម សារឿន បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែងនៅតែបន្តមានការរីករាលដាល និងមានប្រជាពលរដ្ឋជាច្រើនកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងភូមិសាស្ត្រខេត្តមានការកើនឡើង លោកបានសម្រេចឧបត្ថមប៉ៅអ៉ីចំនួន១០០ ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើតាមតម្រូវការ និងឲ្យចំគោលដៅ។
លោក ម៉ុម សារឿន បានថ្លែងកោតសរសើចំពោះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងយកសំណាកវិភាគអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ ដើម្បីឲ្យប្រាកដថាពួកគាត់មានវិជ្ជមាន ឬអវិជ្ជមានជំងឺកូវីដ១៩ និងឈានទៅរកការបញ្ជប់ស្ថានភាពដ៏អាក្រក់នេះ ឲ្យវិលត្រលប់មកស្ថានភាពល្អប្រសើឡើងវិញ។
គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តស្ទឹងត្រែង គិតត្រឹមល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋសរុបមានចំនួន ៣០៤នាក់ ដែលបានឆ្លងជំងឺមួយនេះ និងមានមនុស្សជាច្រើននាក់ បានជាប់ពាក់ព័ន្ធផងដែរ៕