(ភ្នំពេញ)៖ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧.២៥% ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន ៩៥.១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។
យោងតាម facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២.៩៨៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទ ផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥.៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២.៨០គីឡូម៉ែត្រ មានទទឹងសរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤.៨០គីឡូម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥.៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧.៥៦គីឡូម៉ែត្រ។
ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពាន ឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយ ទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេនឺរថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិ លេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។
គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យម និងខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត (Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន ៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំល (Flyover) ចំនួន២ គឺឋិតនៅផ្លូវជាតិ លេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥.៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ។
គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧.៦៧លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ ដោយក្រុមហ៊ុន សំណង់ Shanghai Construction Group Co., Ltd និងតម្លៃត្រួតពិនិត្យគម្រោង ៥.៣៨លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
គួរកត់សម្គាល់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ជួយដល់ការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្ថែមទៀត ខណៈពេលដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗស្របតាមកំណើន ប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕