(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ស្រុកកងមាស ខណៈចុះពិនិត្យការជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ថា លោកមានការសប្បាយរីករាយ ចំពោះការជួយប្រជាពលរដ្ឋ តែលោកមិនសប្បាយចិត្ត នៅពេលឃើញប្អូនប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់នោះទេ។
ឆ្លើយតបចំពោះបញ្ហាខ្វះទឹកនេះ លោកបានស្នើសុំទៅក្រសួងអភិវឌ្ឍជនបទន៍ ដើម្បីជួយអន្តរាគមន៍ ដែលនេះជាការឆ្លើយតបរបស់អាជ្ញាធរ អនុវត្តទៅអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការជំរុញទៅដល់អាជ្ញាធររាជធានី ខេត្ត ក្រុង យកចិត្តទុកដាក់រាល់តម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា អាជ្ញាធរខេត្ត ព្រមទាំងអាជ្ញាធរស្រុក សហការជាមួយមន្ទីរជំនាញ អភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៏លើកផែនការជីកស្រះចំនួន២កន្លែង និងជីកអណ្ដូងខ្នោះចំនួន ៣២កន្លែង ជូនប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ចំនួន០៨ភូមិ សម្រាប់ប្រើប្រាស់។ សូមបន្ថែមថា នៅទូទាំងឃុំរាយប៉ាយ ស្រុកកងមាស មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង ២.៧០០គ្រួសារ ដែលកំពុងប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់។
ក្រោយពីពិនិត្យការសាងសង់អណ្តូងនៅស្រុកកងមាស លោកអភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យស្ថានភាព ដែលអាចប្រឈមទៅនឹងកង្វះទឹក នៅឃុំច្បារអំពៅ ស្រុកបាធាយ ជាបន្តទៀត។ បច្ចុប្បន្ន នៅឃុំច្បារអំពៅ ស្រុកបាធាយ មានចំនួន៤ភូមិ ក្នុងនោះ ភូមិស្ទឹងឆ្វេង អាចនឹងប្រឈមទៅនឹងបញ្ហាកង្វះទឹក ប្រើប្រាស់នាពេលខាងមុខ ប្រសិនបើគ្មានភ្លៀងកក់ខែ ហើយលោកអភិបាលខេត្ត នឹងរឹះរកមធ្យោបាយជួយបន្តទៀត៕