(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៧នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកតា លោកយាយ ចំនួន ៧នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀល ពី សម្ដេចតេជោ រួមមាន៖
១៖ លោកយាយ ហាយ សាម៉េត អាយុ ១០១ ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល នៅស្រុកពញាឮ ខេត្ដកណ្ដាល
២៖ លោកយាយ ឡេង ប៉ោក អាយុ ១០១ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល ខណ្ឌមានជ័យ ភ្នំពេញ
៣៖ លោកយាយ អៀម រៀម អាយុ ១០១ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល នៅខណ្ឌ កំបូល រាជធានីភ្នំពេញ
៤៖ លោកយាយ អ៊ូ អ៊ី អាយុ១០១ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល ស្រុកបាណន់ ខេត្ដបាត់ដំបង
៥៖ លោកយាយ ហេង សុផល អាយុ១០១ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល នៅស្រុកសិរីសោភ័យ បន្ទាយ មានជ័យ
៦៖ លោក យាយ នាង ទូច អាយុ ១០១ឆ្នាំ ចាក់វ៉ាក់សាំង កូវីសែល នៅស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ
៧៖ លោកយាយ ម៉េង គីមស៊ន អាយុ ១០២ឆ្នាំ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ នៅបឹងកេងកង ទួលស្វាយព្រៃ រាជធានីភ្នំពេញ
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់កន្លងមកនេះថា មនុស្សវ័យចំណាស់អាយុចន្លោះពី ៩០ឆ្នាំ ដល់១០៣ឆ្នាំ សរុបជាង ៤០០នាក់ហើយ បានទៅចាក់វ៉ាក់សាំង ហើយមិនមានបញ្ហាសុខភាពនោះឡើយ។
ក្នុងនាមជាអ្នកជំនាញសុខភាពសាធារណៈ លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តឱ្យមនុស្សវ័យចំណាស់ទាំងអស់ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រោះមនុស្សវ័យចំណាស់ គឺជាអ្នកដែលប្រឈមការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩។
លោកស្រី ឱ វណ្ឌឌីន ក៏បានគូសបញ្ជាក់ដែរថា មនុស្សមានវ័យចំណាស់ គឺជាក្រុមមនុស្សដែលប្រឈមនឹងការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩ ដែលទាមទារឱ្យមានការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកស្រី បានលើកទឹកចិត្តដល់មនុស្សវ័យចំណាស់ទាំងអស់ទៅទទួលវ៉ាក់សាំង។
លោកស្រី ថ្លែងបន្ដថា «ក្រុមមនុស្សដែលប្រឈមខ្ពស់ ហើយមានហានិភ័យខ្ពស់ជាមួយការវាយលុកពីមេរោគកូវីដ១៩ គឺក្រុមមនុស្សចាស់ជរានេះឯង ក្រុមមានវ័យចំណាស់នេះឯង ហើយក្រុមចំនួនទៀត គឺក្រុមគាត់មានជំងឺប្រចាំកាយ។ អ៊ីចឹងសូមឱ្យបងប្អូនយើងយល់លើចំណុចនេះឱ្យច្បាស់ ប្រសិនបើបងប្អូន លោកតាលោកយាយ លោកមានវ័យចំណាស់ទៅហើយលើសពី៦០ឆ្នាំឡើងនេះ សូមមេត្តាមកទទួលនូវការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតរបស់លោកតា លោកយាយ អ៊ំពូមីង បងប្អូនរបស់យើង»។
លើសពីនោះ លោកស្រីក៏បានអំពាវនាវសូមឱ្យក្រុមគ្រួសារត្រូវជួយពន្យល់ និងផ្តល់នូវទំនុកចិត្ត ការកក់ក្តៅសម្រាប់ពួកគាត់ ដើម្បីឱ្យគាត់មានការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងការមកទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំស្វះស្វែង ដើម្បីទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាពលរដ្ឋយើង។
គិតត្រឹមយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៤៦៩,៦៦១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៤.៧០%៕