(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី មេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការកើនឡើង នូវការវាយប្រហារតាមអ៊ីនធឺណិត ក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំង ចំពោះស្ថាប័នរដ្ឋ និងឯកជន និងបុគ្គលម្នាក់ៗផងដែរ។
មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។
មេរោគ ប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា ១៖ ការប្រើប្រាស់សុសវែរ មិនមានអាជ្ញាបណ្ណ, ២៖ ការបើកឯកសារភ្ជាប់មកជាមួយអ៊ីមែល, ៣៖ ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវែរ និងកម្មវិធីប្រើប្រាស់ជាដើម។
អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើនគឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះ ត្រលប់មកវិញ។
ចោរព័ត៌មានវិទ្យា ក៏ប្រើប្រាស់វិធីសាស្ត្រ ចាប់បង្ខំអ្នកប្រើប្រាស់ឲ្យបង់ប្រាក់ឲ្យបានឆាប់ បើពុំនោះទេពួកចោរព័ត៌មានវិទ្យា នឹងបញ្ចេញឯកសារទាំងអស់ ដែលពួកគេបានលួច ដែលអាចធ្វើឲ្យប៉ះពាល់ ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។
ក្រសួង សូមណែនាំសាធារណជន អំពីវិធានការការពារដូចខាងក្រោម៖
* ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយជៀសវាងទាញយកកម្មវិធីតាម អ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់
* ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងកុំព្យូទ័រ ឧបករណ៍ចល័តរបស់អ្នកឲ្យបានទៀងទាត់
* ដំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឲ្យបានជាប្រចាំ
* មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងអ៊ីមែល
* ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណិត (Offline)។
ប្រសិនបើលោកអ្នក ក្លាយជាជនរងគ្រោះដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ ពីព្រោះថា លោកអ្នកមិនប្រាកដថា នឹងទទួលបានឯកសារទាំងនោះ មកវិញឡើយ។
សម្រាប់ព័ត៌មាន បច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬសុំជំនួយបច្ចេកទេស បន្ថែមលើករណីនេះ តាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨៕