(ព្រៃវែង)៖ មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីស្ថានទូតនៃប្រទេសមួយចំនួនប្រចាំកម្ពុជា និងពាណិជ្ជករ ខ្មែរ-ជប៉ុនជាច្រើនរូប នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំគ្នាយកកូនត្រី និងបង្កង ប្រមាណចំនួន៣ម៉ឺនក្បាល ប្រលែងចូលទៅក្នុងបឹងមួយកន្លែង ស្ថិតនៅក្នុងភូមិ «សុខារាវី» ក្នុងខេត្តព្រៃវែង។
ពិធីលែងកូនត្រី កូនបង្កងនេះ គេឃើញមានមន្ដ្រីរាជរដ្ឋាភិបាលដូចជា៖ បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ណៅ ធូក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រមជាមួយតំណាងទូតឥណ្ឌា, UNDP, ទូតសិង្ហបុរី, ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ព្រមទាំងពាណិជ្ជករជប៉ុន និងពាណិជ្ជករខ្មែរជាច្រើនរូបទៀត។
លោកបណ្ឌិត ម៉ី កន្យាណ បានថ្លែងថា ការប្រលែងត្រី និងបង្កងក្នុងភូមិ «សុខារាវី» នេះ គឺជាសកម្មភាពមួយ ដែលបំផុតគំនិត ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានគំនិតក្នុងការចង់ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ឲ្យបានកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីទាញយកចំណូលពីការចិញ្ចឹមត្រី និងបង្កងនេះ។
បណ្ឌិត ម៉ី កន្យាណ បានបន្ថែមទៀតថា សកម្មភាពនេះក៏ជាសកម្មភាពមួយ ក្នុងការផ្សព្វផ្សាយអំពីបច្ចេកទេស ក្នុងការចិញ្ចឹមរបស់កម្ពុជា ចែកជូនទៅមន្ដ្រីតំណាងស្ថានទូត ដើម្បីឲ្យយល់ដឹងស្ថានភាពនៃការរស់នៅជនបទ ហើយជាពិសេស ដើម្បីពួកគាត់ឲ្យស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនផងដែរ។
ដោយឡែកអ្នកគ្រប់គ្រងភូមិ «សុខារាវី» លោកស្រី យិន ដារ៉ាវី បានចាត់ទុកការប្រលែងត្រី និងបង្កងនាពេលនេះ គឺជាសកម្មភាពមួយ ដែលមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងកម្មវិធីរបស់អង្គការអន្ដរជាតិ ដើម្បីបំផុតក្នុងការស្រឡាញ់ធម្មជាតិ។ បើតាមផែនការគឺ ភូមិ «សុខារាវី» មានផែនការប្រលែងត្រី និងបង្កងនេះមួយឆ្នាំម្ដង ជារៀងរាល់ឆ្នាំ។
ភូមិ «សុខារាវី» ស្ថិតនៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានផ្ទៃដីទំហំជិត៨០ហិកតា ដែលនឹងក្លាយជារម្មណីយដ្ឋានដ៏ធំមួយក្នុងខេត្តព្រៃវែង។
ការបង្កើតភូមិ «សុខារាវី» នេះឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលជីវភាព របស់ប្រជាពលរដ្ឋ ក្នុងតំបន់ដោយបង្កើតការងារជូនពួកគាត់ ហើយថែមទាំងជួយដល់ប្រជាពលរដ្ឋ ក្នុងចេះដាំដុះបន្លែបង្ការសិរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ហើយរមណីយដ្ឋានក៏ធានាប្រមូលទិញវិញផងដែរ។
លោកស្រីបន្តថា ភូមិនេះក៏ជាកន្លែងសម្រាប់ឲ្យយុវជន ផ្តល់ឱកាសដល់យុវជនដែលបញ្ចប់ពីការសិក្សា អាចមកធ្វើការស្វែងយល់ អំពីរបៀបការរកស៊ី ធ្វើកសិកម្មផងដែរ ដោយមិនចាំបាច់ផ្តោតតែការងារនៅទីក្រុងនោះឡើយ អាចត្រឡប់មកស្រុកកំណើត ជួយអភិវឌ្ឍន៍ស្រុករបស់ខ្លួន។
លោកស្រីបានបញ្ជាក់ថា ភូមិ «សុខារាវី» បង្កើតឡើងមានគោលការណ៍ចំនួន៦ រួមមាន៖
ទី១៖ ការអភិវឌ្ឍន៍នេះ ធ្វើយ៉ាងណាឲ្យមានសុខភាពល្អ ទាំងកាយ ទាំងចិត្ដ ដល់អ្នកធ្វើការក្នុងតំបន់នេះ អ្នកមកលេងកំសាន្ដ និងប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់នេះ
ទី២៖ ធ្វើយ៉ាងណា ឲ្យអ្នកដែលទៅដល់ទីនេះ ទទួលបាននៅការកើនឡើងសមត្ថភាពខ្ពស់ តាមរយៈការរៀនសូត្រពីទីតាំងនេះ
ទី៣៖ ធ្វើយ៉ាងណាឲ្យភូមិ «សុខារាវី» ជាកន្លែងដែលមានគុណធម៌ មានសុជីវធម៌ និងព្រហ្មវិហារធម៌ក្នុងខ្លួន
ទី៤៖ ធ្វើយ៉ាងណា ឲ្យមានប្រយោជន៍ ដល់បុគ្គលម្នាក់ៗរាល់ដែលអ្នក ដែលធ្វើការក្នុងតំបន់នេះ អ្នកមកលេងកំសាន្ដ និងប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់នេះ
ទី៥៖ ផ្ដល់ផលប្រយោជន៍ដល់ ភូមិ ស្រុក ដែលនៅជុំវិញតំបន់នេះ
ទី៦៖ ជួយថែរក្សាធម្មជាតិ ដោយមិនប្រើសារធាតុគីមី។
សូមជម្រាបថា «ភូមិសុខារាវី» បានចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដែលគ្រោងដាក់ឲ្យដំណើការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ភូមិនេះមានចង្ងាយជាង៩០គីម៉ែត្រពីរាជធានីភ្នំពេញ៕