(ត្បូងឃ្មុំ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារសាងសង់អគារមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងចុះពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្ដត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់រួចជាស្ថាពរនៅខែតុលាខាងមុខនេះ។ នេះជាសញ្ញាណមួយក្នុងចំណោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយដល់កម្ពុជា»។
លោករដ្ឋមន្ដ្រី ថ្លែងបន្ដថា «មន្ទីរពេទ្យដ៏ធំមួយនេះ នឹងអាចគ្របដណ្ដប់ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជននៅក្នុងតំបន់ផង និងតាមខេត្ដមួយចំនួន ដូចជា ខេត្តក្រចេះ រតនគីរី ស្ទឹងត្រែង និងមណ្ឌលគីរី អាចមកថែទាំជំងឺនៅទីនេះបាន»។ មន្ទីរពេទ្យនេះ នឹងមានបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើបៗជាច្រើន»។ លោកបន្ដថា មន្ទីរពេទ្យមួយនេះនឹងក្លាយជាកន្លែងថែទាំអ្នកជំងឺផង និងជាមន្ទីរពេទ្យ ជួយដល់ការពង្រឹងការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធសុខាភិបាលផងដែរ»។
ជាមួយគ្នានោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្ដត្បូងឃ្មុំ បានថ្លែងថា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានទំហំ ២៤.៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥.៨១៥ ម៉ែត្រការ៉េ ចំណាយថវិកាសរុប ជាង៤៦លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ»។
សូមជម្រាបថា មន្ទីរពេទ្យនេះមានចំនួនគ្រែសរុប ៣០០គ្រែ ដែលចែកជាផ្នែកដូចខាងក្រោម៖ ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU), ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្រ្តីនិងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្រ្ត និងEndoscopy, ផ្នែកមន្ទីរពិសោធន៍, ឱសថស្ថាន, បន្ទប់រំងាប់មេរោគ, ផ្នែកប្រព័ន្ធព័ត៌មាននិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, ផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើតនិងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្រ្ត។ មន្ទីរពេទ្យនេះសាងសង់ក្នុងរយៈពេល៤០ខែ ដោយយោងតាមកិច្ចព្រមព្រៀងត្រូវចាប់ផ្ដើមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕