(ព្រះសីហនុ)៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះថា នៅថ្ងៃនេះ កម្លាំងនគរបាលរបស់លោក បានបង្ក្រាប និងចាប់ខ្លួនក្រុមចោរលួច ឆក់ ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលមកកំសាន្ត នៅខេត្ត ព្រះសីហនុ ចំនួន៣នាក់ ដែលមានជនសង្ស័យម្នាក់ គឺជានិស្សិតពេទ្យចុះស្តារ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តទៀតផង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង៧យប់ថ្ងៃនេះ មានជនសង្ស័យម្នាក់ បានឆក់កាបូបរបស់ភ្ញៀវទេសចរបរទេស នៅចំណុចអូរត្រេះ តែមិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបានតែម្តង។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះ មានជនសង្ស័យម្នាក់ បានចូលលួចទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ តែក៏ត្រូវនគរបាល ចាប់បានផងដែរ។ ជនសង្ស័យមានឈ្មោះ ហុន ម៉ៅ អាយុ២១ឆ្នាំ ជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារផងដែរ ហើយក្រោយការចាប់ខ្លួនកម្លាំង នគរបាលបាន ដកហូតទូរស័ព្ទចំនួន៣គ្រឿង។
សម្រាប់ករណីទី៣ បានកើតឡើងនៅ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ មានករណីលួច ទូរស័ព្ទមួយគ្រឿង របស់ជនជាតិចិនដែលមកទេសចរណ៍ នៅក្នុងក្រុងព្រះសីហនុ។ ជនសង្ស័យដែលត្រូវបានកម្លាំង នគរបាលចាប់ខ្លួនមានឈ្មោះ រ៉ន ចន្ថា អាយុ២៦ឆ្នាំ មុខរបបនិស្សិតពេទ្យ ស្រុកកំណើត នៅភូមិវាលខាងជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ហើយបច្ចុប្បន្ន មកធ្វើការស្តានៅមន្ទីរពេទ្យ បង្អែកចំការចេក ក្រុងព្រះសីហនុ។
សម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕
និស្សិតពេទ្យដែលចុះស្តារនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ