(ស្វាយរៀង)៖ ទៀនព្រះវស្សា៨គូ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត អំពូលភ្លើងសូឡា ២៤អំពូល និងបច្ច័យមួយវត្តៗ ចំនួន១លានរៀល ជាអំណោយដ៏សប្បរសធម៌បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជននានា ត្រូវបានឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកស្រី រួមទាំងនាយទាហាន នៃបញ្ជាការដ្ឋាន កងឯកភាពអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមចំនួន៤ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៣កក្កដា។
ទីអារាមទាំង៤ ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ ប្រេងកាត អំពូលភ្លើងសូឡា ២៤អំពូល ជាអំណោយដ៏សប្បរសធម៌របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមាន វត្តច្រកម្ទេស វត្តទួលសីម៉ា វត្តសុវណ្ណរង្សី និងវត្តទួលអង្គស្វាយធំ។
ពិធីនេះបានប្រារព្វធ្វើព្រមៗគ្នា ក្នុងទីអារាមទួលសីម៉ា ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ទៀនព្រះវស្សា គឺជាពិធីសាសនាមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺធ្វើឡើងពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំជូនជារៀងរាល់ឆ្នាំ។
លោកឧត្តមសេនីយឯក យិន ច័ន្ទធូន បានលើកឡើងក្នុងឱកាសនោះថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឱ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្សនាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំង៤នេះ មិនដែរអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។
លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេន និងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង៤ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗ មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំ ដែលនោះបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃ និងគ្រហស្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។
លោកឧត្តមសេនីយ៍ ក៏បានធ្វើការណែនាំប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង៤ ត្រូវប្រកានខ្ជាន់នូវប្រសាសន៍ណែនាំ និងវិធានការនានារបស់ ក្រសួងសុខាភិបាល «៣កុំ ៣ការពារ» សំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងទៅនិងការរីករាលដាល នៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ជាមួយមនុញ្ញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៥ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កំលាំងពូលាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឲ្យកាន់តែរីកចំរើនរឹងមាំជានិច្ចនិរន្តតរៀងទៅ។
ព្រះសង្ឃក៏បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង ឧបាសិកា ឌី ប៉ុក ឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព លាចាកលោកយើងហើយនោះ បានយោងយិតទៅចាប់បដិសន្ធិនៅឋានសួគ៌ា បរមសុខគ្រប់ប្រការ និងបានលាចាកផុត ពីទុក្ខទោសផងទាំងពួងចាប់ពីពេលនេះតរៀងទៅ៕