(តាកែវ)៖ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយក អំណោយសប្បុរសធម៌ ដែលបានមកពីការបរិច្ចាគពីក្រុមការងារ និងបងប្អូនអាជីវករក្នុង ខេត្តតាកែវទៅប្រគេនព្រះសង្ឃគង់នៅវត្តតារាសាគរ និងចែកជូនគ្រួសារក្រីក្រប្រភេទ២ ចំនួន១១៧គ្រួសារ និងប្រគល់ជូន មណ្ឌលសុខភាព ប្រជាការពារ ប៉ុស្តិ៍រដ្ឋបាល សាលាឃុំ ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក ម៉ឹង វុធី ក៏បានពាំនាំការសាកសួរសុខទុក្ខ និងការផ្ដាំផ្ញើរពីលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តតាកែវ និងលោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកបូរីជល់សារ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ហើយដែលជានិច្ចកាលថ្នាក់ដឹកនាំទាំង២ តែងតែនឹករលឹក និងបានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ចុះមកសួរសុខទុក និងនាំយកងំណោយមកចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោក ម៉ឹង វុធី ក៏ផ្ដាំផ្ញើរឱ្យប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ ពិសេសត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ជាប់ជានិច្ច។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារក្រីក្រប្រភេទ២ ចំនួន១១៧គ្រួសារ និងប្រគេនជូនព្រះសង្ឃមណ្ឌលសុខភាព ប្រជាកាពារប៉ុស្ដិ៍រដ្ឋបាលឃុំ សរុបរួមមាន៖ អង្ករ៣,០០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ១១៧យួរ និងសាប៊ូ២៨៦ដុំ៕