Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចកម្ពុជា ព្រមានដល់អង្គការក្រៅរដ្ឋាភិបាល ដែលចង់ជម្លៀស ស្រី មុំ ទៅក្រៅប្រទេស ត្រូវបញ្ឈប់ជាបន្ទាន់!

20-03-2016 21:23

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះថា សមត្ថកិច្ចរបស់ប្រទេសកម្ពុជា ស្នើសុំឲ្យអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រគណបក្សប្រឆាំង បញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ដែលនៅតែចិញ្ចឹមចិត្តចង់ជម្លៀស កញ្ញា ស្រីមុំ ដែលគេដឹងថា ជាស្រីស្នេហ៍របស់ លោក កឹម សុខា ទៅក្រៅប្រទេសតទៅទៀត ពីព្រោះផែនការនេះ នឹងមិនបានជោគជ័យនោះទេ គ្រាដែលសមត្ថកិច្ចជាប់ពាក់ព័ន្ធទាំងអស់បាន ទប់ស្កាត់គ្រប់ច្រកល្ហកអស់ហើយនោះ។

មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់រូបនោះ ក៏បានព្រមានថា បើអង្គការក្រៅរដ្ឋាភិបាលទាំងនេះ នៅតែចង់ជម្លៀស ស្រី មុំ ទៅក្រៅប្រទេសទៀតនោះ ពួកគេអាចមានរឿងដល់ខ្លួនឯងជាក់ជាមិនខានឡើយ។ ជាមួយគ្នានេះ សម្រាប់បុគ្គល ស្រី មុំ ផ្ទាល់សមត្ថកិច្ចរបស់កម្ពុជា ក៏សុំអំពាវនាវ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីសុវត្ថិភាពរបស់ខ្លួន ហើយការយល់ព្រមទៅជាមួយអង្គការនោះ មិនដឹងថា វាសនា ឬសុវត្ថិភាពរបស់ស្រី មុំ យ៉ាងណានោះទេ ពីព្រោះអង្គការទាំងនោះមិនដឹងថា យកនាងទៅទីកន្លែងណាឡើយ។ ដូច្នេះ ស្រីមុំ ត្រូវតែពិចារណាឲ្យមែនទែន តើគួរទៅជាមួយអង្គការនេះ ឬមួយយ៉ាងណានោះ គឺដើម្បីសុវត្ថិភាពខ្លួនឯង។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះ មានព័ត៌មានថា អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រ គណបក្សប្រឆាំង បានរៀបចំផែនការចង់ជម្លៀស ស្រី មុំ ទៅក្រៅប្រទេស ដើម្បីចង់ បំផ្លាញភស្តុតាង និងបំបិតមាត់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕