(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខា លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាគណៈកម្មាធិការសាខា ចុះសួរសុខទុក និងសំណេះសំណាលព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៩គ្រួសារធ្ងន់ធ្ងរ ក្នុងនោះធ្ងន់១៣គ្រួសារ ប៉ះពាល់ភូមិចំនួន១៣លើ ឃុំចំនួន៥ នៃស្រុកមោងឬស្សី ខេត្តបាត់ដំបង។
នាឱកាសនោះដែរ លោក អ៊ុយ រី និងលោក បណ្ឌិត ប៊ុត គឹមស៊ាន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះ និងរបើកដំបូលនាពេលនេះ និងបានផ្តាំផ្ញើសូមឱ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ១៩ និងបង្កាកុំឱ្យរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នាជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ន ិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើតាលោក ទេព ហន ប្រធានគណៈកម្មាធិការអនុសាខាស្រុកមោងឬស្សី បានគូបញ្ជាក់ថា កាលសៀលថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២១ ស្រុកមោងឬស្សី បានរងគ្រោះដោយខ្យល់កន្រ្តាក់កើតឡើងចំនួន២លើក ប៉ះពាល់លើកឃុំចំនួន៥ ក្នុងភូមិចំនួន ១៣ភូមិ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៧៣ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរចំនួន១៣ខ្នង រងគ្រោះមធ្យម ចំនួន៧៦ខ្នង និងរងគ្រោះស្រាល ចំនួន៨៤ខ្នង សាលារៀន ២ខ្នង រោងបុណ្យ២ខ្នង ព្រមទាំងខូចខាតសម្ភារប្រើប្រាសមួយចំនួនផងដែរ។
ថ្វីត្បិត អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក «ខ្ញុំ និងកាកបាទក្រហមកម្ពុជាមិនទុកនណាម្នាក់ចោលឡើយ»។
សម្ភារៈត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗ ទទួលអំណោយបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវី ១ធុង មី១កេស សារុង១ ក្រមា១ មុង១ ភួយ១ អាល់កុល ១ដប ម៉ាស១០បន្ទះ និងថវិកាមួយចំនួនផងដែរ៕