(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩នេះ កម្ពុជា និងវៀតណាម ត្រូវរួមគ្នាគ្របគ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនត្រូវរារាំងដំណើរពាណិជ្ជកម្ម និងត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញរឿងរ៉ាវទាំង៣ ដែលត្រូវអនុវត្តក្នុងកំលុងនៃវិបត្តិជំងឺកូវីដ១៩រវាងកម្ពុជា និងវៀតណាមនេះ បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិលោក វូ ខ្វាមមីង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាពនៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងជំនួបលោក វូ ខ្វាមមីង បានបង្ហាញនូវក្តីរីករាយ និងជាកិត្តិយសមួយ ដែលបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជារយៈពេល៣ឆ្នាំ៧ខែកន្លងមក។ លោក វូ បានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរឹងមាំ និងមានការរីកចម្រើន។ ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។
លោកទូតចប់អាណត្តិរូបនេះ បានបន្តថា នេះគឺជាភាពជោគជ័យមួយ ហើយភាពជោគជ័យនេះ គឺជាសុភមង្គលរបស់អ្នកការទូតផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ ដែលបានចូលរួមចំណែកជួយសហការជាមួយលោក ធ្វើឲ្យបេសកម្មកាទូតលោកនៅកម្ពុជា បានទទួលជោគជ័យ។
សម្តេចតេជោ បានយល់ស្របជាមួយអ្វី ដែលលោក វូ បានលើកឡើង ហើយបានថ្លែងអំណរគុណជូនចំពោះលោក វូ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើន និងកាន់តែរឹងមាំ៕