(បន្ទាយមានជ័យ)៖ កុមារាម្នាក់ត្រូវបានម្តាយទៅផ្ញើឲ្យម្តាយមីងមើលថែ ហើយត្រូវបានពូថ្លៃវាយធ្វើទារុណកម្ម បង្ខាំងមិនឲ្យទៅរៀន និងបង្អត់បាយគួរឲ្យអាសូរយ៉ាងពន់ពេក ប៉ុន្តែករណីនេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបង្កនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជការអាវុធហត្ថបានឲ្យដឹង នៅល្ងាច១៩ ខែមីនា ឆ្នាំ២០១៦នេះថា ជនសង្ស័យមានឈ្មោះ លួស សាម៉ន ហៅចាង អាយុ៦៧ឆ្នាំ រស់នៅភូមិកើតហេតុ។ លោកឧត្តមសេនីយ៍ បានបន្តទៀតថា អំពើមួយនេះ កម្លាំងរបស់លោក បានទទួលព័ត៌មានពី ឈ្មោះ វ៉ាន់ ស៊ីណាត អាយុ៣៥ឆ្នាំ (ជាអ្នកគ្រូ សាលាឋមសិក្សាកំពង់ស្វាយ) និងឈ្មោះ នៅ ណាវី ភេទស្រី អាយុ៦៧ឆ្នាំ (អ្នក ជិតខាង) បានប្តឹងឈ្មោះ លួស សាម៉ន ហៅចាង ដែលបានប្រើអំពើហិង្សាលើកុមារ ក្នុងស្ថានភាពទម្ងន់ បង្អត់អាហារ និងបង្ខាំងមិនឲ្យទៅរៀនថែមទៀតផង។
កុមារា រងគ្រោះមានឈ្មោះ វឿន សុំកែវ អាយុ១២ឆ្នាំ(ជាសិស្សថ្នាក់ទី២)មានម្តាយឈ្មោះ វឿន មុំ អាយុ៤២ឆ្នាំ មានកូន៥នាក់ ស្រី៣នាក់ ហើយវឿន សុំកែវ ជាកូនពៅ ដែលរស់ នៅភូមិកើតហេតុ។ វឿន សុំកែវ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា ម្តាយ និងឪពុកចុងរបស់ខ្លួន ដោយជីវភាពក្រីក្រ បានទៅធ្វើទៅប្រទេសថៃ មានរយះពេលជាច្រើន ឆ្នាំមកហើយ រស់នៅជាមួយម្តាយមីងឈ្មោះ វឿន រ៉ា អាយុ៤០ឆ្នាំ និងឪពុកមា មានឈ្មោះ លួស សាម៉ន ហៅចាង។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រោយពេល ដែលម្តាយមីងទៅភ្នំពេញត្រូវបានពូថ្លៃវាយ ធ្វើបាប ដោយវាយ នឹងបន្ទះឫស្សី រនៀបរហូត ដល់ប្រះឆ្អឹងកដៃស្តាំ និងរបួសជាំពេញខ្លួន ហើយបង្អត់បាយ ព្រមទាំង មិនឲ្យទៅសាលារៀន។
ដោយខ្លួនចង់សិក្សា ក្មេងប្រុសរងគ្រោះ ក៏លួចទៅរៀន ជាមួយ អ្នកគ្រូឈ្មោះ វ៉ាន់ ស៊ីណាត តែដោយអ្នកគ្រូឃើញស្ថានភាពបែបនេះ ក៏បានសួរនាំ និង នាំមកប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានវ៉ៃធ្វើទារុណកម្ម ទៅលើកុមាររងគ្រោះ ពិតមែន តែការវាយនេះ មកពីបង្រៀន អក្សរមិនព្រមស្តាប់ និងចេញពីសាលារៀន លើសម៉ោងទើបវ៉ៃ តែមិននឹកស្មាន ជ្រុលដៃបណ្តាល របួសពេញខ្លួនរហូតប្រេះឆ្អឹងកដៃស្តាំ។ ក្រោយពេលសាកសួរហើយ ជនសង្ស័យត្រូវកសាងសំណុំរឿងប ញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕