(ព្រះវិហារ)៖ ប្រតិភូសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ សាលាខណ្ឌព្រែកព្នៅដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលខណ្ឌ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារនាណការ រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីរបស់ខ្លួន ចុះសួរសុខទុក្ខកងនគរបាលការពារ ព្រំដែនវរៈ សេនាតូចលេខ៧៩៣ កំពុងឈរជើងនៅចំណុចច្រកអានសេស ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងការចុះសួរសុខទុក្ខនេះ ប្រតិភូទាំង៣អង្គភាព បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួន ទៅចែកជូនដល់មន្ត្រីនគរបាល និងគ្រួសាររបស់ពួកគេ ដែលរស់នៅតំបន់នោះ ដើម្បីជាការផ្សាភ្ជាប់រវាងបងប្អូន កងកំលាំងសរមភូមិមុខ និងបងប្អូនសរមភូមិក្រោយ។ ម្យ៉ាងវិញទៀត សបញ្ជាក់ឲ្យឃើញថា អ្នកនៅសមរភូមិក្រោយ តែងតែនឹករលឹកដល់បងប្អូន ជាកងកំលាំងនៅឯសមរភូមិមុខ និង ចង់ដឹងអំពីសុខទុក្ខរបស់កងកំលាំងយើងគ្រប់ពេលវេលា។
អំណោយដែលនាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ១.មី១៥០កេស ២.ទឹកស៊ីអ៊ីវ ៦០យួរ ៣.ទឹកត្រី ៦០យួរ ៤.ត្រីខ ៩កេសធំ ៥.ទឹកក្រូច ៦០កេស ៦.ទឹកបរិសុទ្ធ ៦០កេស ៧.ល្ពៅ-ត្រឡាច ២ការុងធំ ៨.ថ្នាំពេទ្យ ៩កេស ១០.ឧបករណ៍ GPS ចំនួន ១គ្រឿង ព្រមទាំងថវិកាសរុប២៣លាន១សែន៦ម៉ឺនរៀល។
ឆ្លៀតនាឱកាសនោះលោកអភិបាលខណ្ឌពោធិ៍សែន បានផ្តល់ថវិកាបន្ថែមដល់យុទ្ធនារីចំនួនពីរនាក់ ដែលក្នុងម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល ដើម្បីជាការលើទឹកចិត្ត និងអាណិតស្រឡាញ់ ដល់ពួកគាត់៕