(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៧នាក់ទៀត ខណៈអ្នកជំងឺ ២៩នាក់ បានជាសះស្បើយ ហើយអ្នកជំងឺម្នាក់ បានស្លាប់បាត់បង់ជីវិត ១នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្ងៃនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៦ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី១៤ ដល់ទី១៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ករណីទី១៨ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។
ករណីទី២០ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម និងស្រុកជីក្រែង, ករណីទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ជាមួយគ្នានេះ ករណីទី២៣ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមាន និងករណីទី២៤ ដល់ទី៤៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែកអ្នកជាសះស្បើយទាំង២៩នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះ ក៏មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១នាក់ផងដែរ។ អ្នកជំងឺដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ឆេង លួម ភេទស្រី អាយុ ៦៦ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៣២០នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៥១២នាក់ ស្លាប់ ១៤នាក់ និង ៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕