(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ បក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ប្រាប់ដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន តាមរយៈសារលិខិតមួយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ដែលឆ្លើយតបទៅនឹងសារលិខិតអបអរសាទររបស់ ប្រធានាធិបតីមហាយក្សចិន ចំពោះខួបលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន សម្រាប់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយជាខ្លាំង ដែលបានសង្កេតឃើញពីការរីកចម្រើននៃទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាង ជិតស្និទ្ធរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្ដចិន។
សម្តេចបានបញ្ជាក់ថា៖ «ដោយផ្អែកលើការជឿជាក់ផ្នែកនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមករបស់គណបក្សយើងទាំងពីរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលមានស្រាប់រវាងកម្ពុជា និងចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំ ខាងមុខ »៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះលិខិតអបអររបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង៖