(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា សមិទ្ធផលជាច្រើនដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា មិនអាចសម្រេចបានដោយគ្មានមានការគាំទ្រឥតឈប់ឈរ ឥតងាករេ និងទាន់ពេលវេលារបស់ មិត្តចិនឡើយ។
ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតមួយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ដែលជាការឆ្លើយតបទៅនឹងលិខិតរបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលបានផ្ញើសារជូនសម្តេច អបអរសាទរដល់ខួបលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូន លោកប្រធានាធបិតីចិនថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយប្រជាជន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងរបប អាណានិគមនិយម សំដៅទាមទារឯករាជ្យជាតិ។ ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបម្រើផលប្រយោជន៍ប្រជាជន និងបាននាំមកនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងបុព្វហេតុកសាង និងថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ «សមិទ្ធផលទាំងនេះ មិនអាចសម្រេចបានដោយគ្មានមានការគាំទ្រឥតឈប់ឈរ ឥតងាករេ និងទាន់ពេលវេលារបស់មិត្តចិនឡើយ»។
ក្នុងសារលិខិតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយជាខ្លាំងដែលបានសង្កេតឃើញពីការរីកចម្រើននៃទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាង ជិតស្និទ្ធរវាងគណបក្សទាំងពីរ។
សម្តេចបានបញ្ជាក់ថា៖ «ដោយផ្អែកលើការជឿជាក់ផ្នែកនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមករបស់គណបក្សយើងទាំងពីរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលមានស្រាប់រវាងកម្ពុជា និងចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំ ខាងមុខ »។
ជាមួយគ្នានេះ សម្តេចបានអះអាងថា គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្ដចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន សម្រាប់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះលិខិតអបអររបស់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង៖