(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta ចំនួន២៣ករណីបន្ថែមទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ ក្នុងនោះបុគ្គលិកសុខាភិបាល ខេត្តឧត្តរមានជ័យម្នាក់ដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា «យោងតាមលទ្ធផល នៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន១២នាក់ និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ចំនួន១១នាក់ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ»។
យោងតាមលទ្ធផលខាងលើ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។
លោករដ្ឋមន្រ្តី សូមទទូចឲ្យបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ (រួមទាំងពពួក បំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្លាប់ខ្លួន និងម៉ត់ចត់។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុនេះ លោករដ្ឋមន្រ្តីសូមអំពាវនាវ ដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើការពារ ៣កុំ និងកុំទៅកាន់ទីតាំងដែលមានមនុស្សច្រើន ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬ
ឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩។